អន្តរជាតិ៖ រុស្ស៊ីបានគំរាម ឆ្លើយតបផ្នែកយោធាទៅអង់គ្លេស បន្ទាប់ពីទីក្រុងឡុងដ៍ យល់ព្រមផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ ឲ្យអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Daily Mail នៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២៣។

មីស៊ីលប្រភេទនេះ ដែលមួយគ្រាប់មានតម្លៃជាង២.៧៥លានដុល្លារ នឹងអនុញ្ញាតឲ្យអ៊ុយក្រែនវាយលុកកងទ័ពរុស្ស៊ី និងមជ្ឈមណ្ឌលដឹកជញ្ជូននៅសមរភូមិជួរមុខ។

អស់រយៈពេលជាច្រើនខែមកហើយ អ៊ុយក្រែនបានស្នើសុំមីស៊ីលរយៈចម្ងាយឆ្ងាយ ប៉ុន្តែពីមុនចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តផ្សេងទៀតដូចជាសហរដ្ឋអាមេរិក ផ្តល់ឲ្យតែមីស៊ីលរយៈចម្ងាយខ្លីប៉ុណ្ណោះ។

ប៉ុន្តែកាលពីថ្ងៃព្រហស្បត្តិ៍ទី១១ខែឧសភា រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បានបញ្ជាក់ច្បាស់ៗថា អង់គ្លេសនឹងបញ្ជូនមីស៊ីល “ស្រមោលព្យុះ” ទៅឲ្យអ៊ុយក្រែន ដែលនេះជាការសម្រេចចិត្តមួយ ជំរុញឲ្យមានការឆ្លើយតបយ៉ាងខឹងសម្បាពីវិមានក្រឹមឡាំង។

លោក Wallace បានប្រាប់សភាថា “ការបរិច្ចាគប្រព័ន្ធសព្វាវុធទាំងនេះ បានផ្តល់ឲ្យអ៊ុយក្រែននូវឱកាសដ៏ល្អបំផុតដើម្បីការពារខ្លួនប្រឆាំងនឹងភាពឃោរឃៅរបស់រុស្ស៊ី ជាពិសេសជាមួយនឹងការកំណត់គោលដៅដោយចេតនាលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន ដែលផ្ទុយនឹងច្បាប់អន្តរជាតិ។ អ៊ុយក្រែនមានសិទ្ធិអាចការពារខ្លួនបាន”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Wallace មិនបានបញ្ជាក់ទេថាតើ មីស៊ីលនេះប៉ុន្មានគ្រាប់ នឹងត្រូវបញ្ជូនទៅឲ្យអ៊ុយក្រែន។

គួរបញ្ជាក់ផងដែរថា ស្រមោលព្យុះ គឺជាមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ពីអាកាស ដែលត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារប្រឆាំងនឹងគោលដៅពិបាកៗ ដូចជាលេណដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាដើម៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ