គ្រោះរញ្ជួយដីកម្រិត៥.២រ៉ិចទ័រ បានវាយប្រហារផ្នែកភាគខាងត្បូងនៃខេត្ត Chiba ជិតទីក្រុងតូក្យូ ប្រទេសជប៉ុន
តូក្យូ៖ គ្រោះរញ្ជួយដីកម្រិត៥.២រ៉ិចទ័រ បានវាយប្រហារផ្នែកភាគខាងត្បូងនៃខេត្ត Chiba ជិតទីក្រុងតូក្យូ នៅម៉ោងប្រហែល៤:១៦នាទីព្រឹក ទីភ្នាក់ងារឧតុនិយមជប៉ុន បានជំរុញឲ្យប្រជាជននៅក្នុងតំបន់ដែលរងគ្រោះដោយការរញ្ជួយដី ត្រូវយកចិត្តទុកដាក់ឲ្យខ្លាំងមែនទែនចំពោះសកម្មភាពរញ្ជួយជាបន្តបន្ទាប់។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន NHK នៅថ្ងៃទី១១ ឧសភា ឆ្នាំ២០២៣។
មន្ត្រីមកពីនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់ និងក្រុងនិយាយថា មនុស្សបីនាក់នៅក្នុងខេត្ត Chiba និង Kanagawa បានរងរបួសស្រាល។ ទោះបីជាយ៉ាងណាក៏ដោយ សេវាកម្មរថភ្លើង រួមទាំងរថភ្លើងល្បឿនលឿន Tokaido Shinkansen នៅតែដំណើរការធម្មតា។ មន្ត្រីទីភ្នាក់ងារឧតុនិយម លោកស្រី Kamaya Noriko បាននិយាយថា មានហានិភ័យខ្លាំងក្លានៃការបាក់ផ្ទាំងថ្ម និងបំណាក់ដី នៅក្នុងតំបន់ដែលរងគ្រោះដោយការរញ្ជួយ។
ស្របពេលជាមួយគ្នានោះដែរ លោកស្រីបានព្រមានថា ការរញ្ជួយដីដែលមានកម្លាំងខ្លាំងលើសកម្រិត៥រ៉ិចទ័រ អាចវាយប្រហារនៅសប្តាហ៍ក្រោយ ក្នុងតំបន់នានាដែលធ្លាប់ជួបការរញ្ជួយធំៗពីមុន។
គួរបញ្ជាក់ថា ថ្វីបើការរញ្ជួយដីគឺជារឿងធម្មតានៅជប៉ុនក៏ដោយ ប៉ុន្តែប្រទេសនេះនៅតែដិតដាមដោយការចងចាំនៃគ្រោះរញ្ជួយដីដ៏ធំកម្រិត៩.០រ៉ិចទ័រនៅភាគឦសានក្នុងខែមីនាឆ្នាំ២០១១៕RT
គួររម្លឹកផងដែរថា គ្រោះរញ្ជួយដីនោះ បានបង្កជារលកយក្សស៊ូណាមិ ដែលបណ្តាលឲ្យមនុស្សប្រហែល ១៨៥០០នាក់ស្លាប់ ឬបាត់ខ្លួន៕