ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីទទួលស្វាគមន៍ និងសវនាការជូន ឯកឧត្តម ថងលុន ស៊ីសុលីត និងលោកជំទាវ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំព្រះរាជពិធីទទួលស្វាគមន៍ និងព្រះរាជពិធីសវនាការ ជូនឯកឧត្តម ថងលុន ស៊ីសុលីត (THONGLOUN SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤។
ប្រមុខរដ្ឋឡាវ ឯកឧត្តម ថងលុន ស៊ីសុលីត បានអញ្ជើញមកដល់កម្ពុជា នៅម៉ោង៧៖៣០នាទីព្រឹក ថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ តបតាមការអញ្ជើញរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមប្រធានរដ្ឋ ក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅពេលនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរ អ្នកជិតខាងល្អ ទំនាក់ទំនងជាបងប្អូន និងសាមគ្គីភាព ព្រមទាំងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីវិបុលភាពរួមនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ៕EB