ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧០
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតី ពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
អញ្ជើញចូលរួមពិធីបុណ្យខួបនេះ រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ជា ឯកអគ្គរាជ/រដ្ឋទូតនៃបណ្តាប្រទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្រៅតែពីក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តនានាក៏មានការរៀបចំពិធីអបអរសាទរដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីរបស់ប្រជាជាតិកម្ពុជានេះផងដែរ។
សូមជំរាបថា បារាំងបានដាក់អាណានិគមន៍លើដែនដីសុវណ្ណភូមិ អស់រយៈពេលជិតមួយសតវត្សរ៍ (១១ សីហា ១៨៦៣ - ៩ វិច្ឆិកា ១៩៥៣)។ ការដាក់អាណានិគមន៍របស់បារាំង លើដែនដីកម្ពុជា ក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ី បានធ្វើឡើងបន្ទាប់ពីប្រទេសមហាអំណាចពិភពលោក ក្នុងសម័យនោះមួយនេះបានបាត់បង់អំណាចអាណានិគមរបស់ខ្លួននៅអាមេរិក (រដ្ឋល្វីស៊ីយ៉ានត្រូវលក់ទៅឲ្យអាមេរិក) ឯរដ្ឋកាណាដា ត្រូវអង់គ្លេសដណ្តើមយក។ ដើម្បីពង្រឹងអំណាចរបស់ខ្លួន បារាំងមានបំណងបាញ់ឆ្ពោះការដាក់អាណានិគមទៅតំបន់អាហ្វ្រិក និងអាស៊ី៕EB