ភ្នំពេញ ៖ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា មានព្រះរាជបន្ទូលគាំទ្រ ឱ្យបន្តការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជា តាមគ្រប់រូបភាព និងគ្រប់ទម្រង់ជាមួយស្ថាប័ននានា នៃប្រទេសជប៉ុន។

ព្រះមហាក្សត្រ នៃកម្ពុជា មានព្រះរាជបន្ទូលបែបនេះ នាឱកាសដែលទ្រង់យាងជាព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថ្លែងអំណរគុណទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន-JICA សាកល វិទ្យាល័យសូហ្វីយ៉ា ជាពិសេសលោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា ដែលផ្តល់នូវការគាំទ្រដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចការអភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាលក្នុងរមណីយដ្ឋានអង្គរ ឱ្យប្រព្រឹត្តទៅដោយចីរភាព និងជាពិសេសដោយឡែកសម្រាប់ការឧបត្ថម្ភគាំទ្រ រហូតដល់បញ្ចប់ការងារជួសជុលជាស្ថាពរ នូវស្ពានហាលប្រាសាទអង្គរវត្ត និងជារួមសម្រាប់កិច្ចការជួសជុលប្រាសាទជាច្រើនផ្សេងទៀត អមដោយការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរឱ្យសាធារណជនលើពិភពលោកបានជ្រួតជ្រាប។

ព្រះមហាក្សត្រ មានព្រះបន្ទូលបញ្ជាក់ថា «ក្នុងន័យនេះ ខ្ញុំ សូមលើកទឹកចិត្ត និងគាំទ្រឱ្យបន្តការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជា តាមគ្រប់រូបភាព និងគ្រប់ទម្រង់ជាមួយស្ថាប័ននានា នៃប្រទេសជប៉ុន ព្រមទាំងជាមួយដៃគូជាតិ និងអន្តរជាតិ ស្របតាមចក្ខុវិស័យនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ស្មារតីនៃចក្ខុវិស័យ ១០ឆ្នាំទៅមុខទៀត នៃយន្តការអាយស៊ីស៊ី (ICC) អង្គរ-សំបូរព្រៃគុក និងអនុលោមទៅតាមកិត្តិនាមជាប្រទេសកំពុងឈានមុខគេ ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុងនាមអង្គរជាទីតាំងបុរាណវិទ្យាដ៏ធំជាងគេរបស់យូណេស្កូ សម្រាប់កិច្ចការបណ្ដុះបណ្តាលធនធានមនុស្ស សម្រាប់ វិស័យ បេតិកភណ្ឌវប្បធម៌»៕EB

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ