ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជឫទ័យស្តេចយាងជាព្រះរាជាធិបតី ប្រារព្ធពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ។

ក្នុងពិធីនោះមានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះមហាក្សត្រខ្មែរ ពីសំណាក់សម្តេចថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិ សម្តេចជាឥស្សរជនរបស់ជាតិ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសម័យព្រះរាជាណាចក្រទី២ មានអាយុគម្រប់ ៣០ឆ្នាំកាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។ តែក្រុមប្រឹក្សាធម្មនុញ្ញបានលើកពេលរៀបចំពិធីអបអរសាទរនៅថ្ងៃទី៦ ខែតុលា។

ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជាសមិទ្ធផលនៃការចរចារ វាងឥស្សរជននយោបាយខ្មែរទាំងពីររូបគឺ សម្ដេចនរោត្តមសីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្ដេច ហ៊ុន សែន (កាលណោះជាសមមិត្ត ហ៊ុន សែន) កម្ពុជាបានស្គាល់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ជាលើកដំបូង ក្រោយសង្គ្រាមស៊ីវិលជាង៣ទសវត្សរ៍៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ