គ្រោះរញ្ជួយដីកម្រិត៦,០រ៉ិចទ័រ បានវាយប្រហារភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី តែមិនទាន់មានសញ្ញាព្រមានពីរលកយក្សស៊ូណាមិ នៅឡើយទេ
ហ្សាការតា៖ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា មានគ្រោះរញ្ជួយដីមួយកម្រិត៦,០រ៉ិចទ័រ បានវាយប្រហារមកលើខេត្តជ្វាខាងកើត ដែលស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី តែមិនមានសក្តានុពលណាមួយបង្កឲ្យកើតមានរលកយក្សស៊ូណាមិ នៅឡើយទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Arab News នៅថ្ងៃទី ០៩ មិថុនា ២០២៣។
ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះគឺស្ថិតនៅចម្ងាយ១១៧គីឡូម៉ែត្រភាគនិរតីនៃស្រុក Pacitan និងមានជម្រៅ១០គីឡូម៉ែត្រស្ថិតនៅក្រោមបាតសមុទ្រ ។
ប្រទេសឥណ្ឌូណេស៊ីជួបប្រទះនឹងការរញ្ជួយដី និងសកម្មភាពភ្នំភ្លើងញឹកញាប់ ដោយសារតែទីតាំងរបស់វានៅលើ "ចិញ្ចៀនភ្លើង" ប៉ាស៊ីហ្វិក ជាកន្លែងដែលបន្ទះប្លាកែតប៉ះគ្នា។
គួររម្លឹកផងដែរថា ការរញ្ជួយដីដ៏សាហាវបំផុតមួយរបស់កោះស៊ូម៉ាត្រាបានកើតឡើងនៅថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2004 ដោយមានរលកយក្សស៊ូណាមិនៅមហាសមុទ្រឥណ្ឌា ដែលបានសម្លាប់មនុស្សជាង 230,000 នាក់៕