បរទេស៖ ឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន នឹងធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា នៅសមុទ្រចិនខាងត្បូងក្នុងសប្តាហ៍នេះ ដែលជាសមយុទ្ធត្រីភាគីលើកដំបូង ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីអំណាចរបស់ចិននៅក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន CNA នៅថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៣។
អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន លោក Armand Balilo បាននិយាយថា សមយុទ្ធនឹងធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមិថុនា នៅក្នុងដែនទឹកនៃខេត្ត Bataan របស់ហ្វីលីពីន គឺជាគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងជប៉ុន ខណៈអូស្ត្រាលី នឹងចូលរួមជាអ្នកសង្កេតការណ៍។
លោក Balilo បាននិយាយថា នាវាហ្វីលីពីនចំនួន៤គ្រឿង សហរដ្ឋអាមេរិក និងជប៉ុន ២គ្រឿង ចូលរួមនៅក្នុងសមយុទ្ធ ដែលធ្វើឡើង ក្នុងគោលបំណងដើម្បីកែលម្អកិច្ចសហប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងការអនុវត្តច្បាប់។
សមយុទ្ធដែនសមុទ្ររួមនេះ ធ្វើឡើងតាមការស្នើសុំរបស់ជប៉ុន និងសហរដ្ឋអាមេរិក កាលពីខែកុម្ភៈ ពោលគឺនៅក្នុងខែដែលទីក្រុងម៉ានីល បានចោទប្រកាន់ប្រទេសចិន ពីការធ្វើសកម្មភាពរំលោភ នៅសមុទ្រចិនខាងត្បូង ដែលចិនទទូចទាមទារស្ទើរតែទាំងមូលថាជាដែនទឹករបស់ខ្លួន។
លោក Balilo បានប្រាប់សន្និសីទសារព័ត៌មានថា «នេះគឺជាសកម្មភាពធម្មតា ក្នុងចំណោមភ្នាក់ងារឆ្មាំឆ្នេរសមុទ្រទាំងអស់។ វាគ្មានអ្វីខុស ក្នុងការធ្វើសមយុទ្ធជាមួយសមភាគីរបស់យើងនោះទេ»។
ប្រទេសជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក បានថ្កោលទោសជាញឹកញាប់ចំពោះ ការធ្វើយោធាកម្មរបស់ចិននៅសមុទ្រចិនខាងត្បូង ហើយបានព្យាយាមធ្វើទំនាក់ទំនងឱ្យជិតស្និទ្ធជាមួយហ្វីលីពីន ចាប់តាំងពីលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ បានឡើងកាន់តំណែងជាប្រធានាធិបតីកាលពីឆ្នាំមុន។
គួរវញ្ជាក់ផងដែរថា ទំនាក់ទំនងហ្វីលីពីន ជាមួយសហរដ្ឋអាមេរិក កាន់តែរឹងមាំឡើងៗ ក្រោមអាណត្តិរបស់លោក ម៉ាកូស ជាពិសេសលើកិច្ចសហប្រតិបត្តិការយោធា ខណៈប្រធានាធិបតីហ្វីលីពីនរូបនេះ ប្រកាន់ជំហរកាន់តែខ្លាំងឡើងលើការប្រព្រឹត្តរបស់ចិន រួមទាំងការបាញ់ «ឡាស៊ែរកម្រិតយោធា» ដាក់នាវាផ្គត់ផ្គង់ស្បៀងរបស់កងទ័ពជើងទឹកហ្វីលីពីន កាលពីពេលកន្លងទៅ៕RT