ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនប៊ឺគ ថា ណាតូនឹងជំរុញទៅមុខ ជាមួយការធ្វើសមយុទ្ធនុយក្លេអ៊ែរ ដែលបានគ្រោងទុកជាយូរមកហើយ នៅសប្តាហ៍ក្រោយ បើទោះបីជាមានភាពតានតឹងកើនឡើងជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃ១១ តុលា ២០២២។

លោក ស្តូលធិនប៊ឺគ បានប្រាប់អ្នកយកព័ត៌មាននៅមុនកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិអង្គការណាតូក្នុងទីក្រុងព្រុចសែលថា វានឹងក្លាយជាកំហុសឆ្គងដ៏ធំក្នុងការបញ្ជូនសញ្ញា ប្រសិនបើភ្លាមៗនេះ យើងសម្រេចចិត្តលុបចោលសមយុទ្ធដែលបានគ្រោងទុកជាយូរមកហើយ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។

លោកថា ឥរិយាបថរឹងមាំ និងអាចព្យាករណ៍បានរបស់ណាតូ ជាពិសេសកម្លាំងយោធារបស់យើង គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការទប់ស្កាត់ការកើនឡើងភាពតានតឹង។ ប្រមុខអង្គការណាតូរូបនេះបានពណ៌នាអំពីវោហាសាស្ត្រនុយក្លេអ៊ែរដ៏រំជើបរំជួលរបស់លោក ពូទីន ថា “គ្រោះថ្នាក់ និងមិនប្រុងប្រយ័ត្ន” ហើយបានគូសបញ្ជាក់ថា សម្ព័ន្ធមិត្តក៏បានបង្ហាញយ៉ាងច្បាស់ដល់រុស្ស៊ីដែរថា ខ្លួននឹងជួបផលវិបាកដ៏ធ្ងន់ធ្ងរ ប្រសិនបើពួកគេប្រើប្រាស់អាវុធនុយក្លេអ៊ែរតាមមធ្យោបាយណាមួយ។

គួរបញ្ជាក់ថា សមយុទ្ធដែលគេស្គាល់ឈ្មោះថា “Steadfast Noon” ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយជាធម្មតាធ្វើឡើងប្រហែលមួយសប្តាហ៍។ វាពាក់ព័ន្ធនឹងយន្តហោះចម្បាំងដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ប៉ុន្តែមិនពាក់ព័ន្ធនឹងគ្រាប់បែកផ្ទាល់ទេ។ យន្តហោះធម្មតា យន្តហោះឃ្លាំមើល និងយន្តហោះចាក់ប្រេងក៏ចូលរួមជាប្រចាំដែរ។

ប្រទេសចំនួន ១៤ ក្នុងចំណោមប្រទេសសមាជិកណាតូទាំង ៣០ នឹងចូលរួមនៅក្នុងសមយុទ្ធដែលត្រូវបានគ្រោងទុក មុនពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈកន្លងមកនេះ។ មន្ត្រីអង្គការណាតូម្នាក់បាននិយាយថា ផ្នែកសំខាន់នៃសមយុទ្ធខាងលើ នឹងត្រូវធ្វើឡើងនៅចម្ងាយជាង ១,០០០គីឡូម៉ែត្រពីប្រទេសរុស្ស៊ី៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ