ទាហានអាមេរិក និងហ្វីលីពីន២,៥០០នាក់ ធ្វើសមយុទ្ធប្រយុទ្ធរួម ដើម្បីទប់ទល់នឹងវិបត្តិក្នុងតំបន់
ហ្វីលីពីន៖ កងម៉ារីនអាមេរិក និងហ្វីលីពីនជាង ២ ៥០០ នាក់ ចាប់ផ្ដើមធ្វើសមយុទ្ធប្រយុទ្ធរួមគ្នានៅថ្ងៃចន្ទទី៣ ខែតុលាឆ្នាំ២០២២នេះដើម្បីឱ្យពួកគេអាចឆ្លើយតបទៅនឹងវិបត្តិភ្លាមៗណាមួយនៅក្នុងតំបន់មួយ ខណៈភាពតានតឹងនៅចក្រសមុទ្រតៃវ៉ាន់ និងជម្លោះលើដែនសមុទ្រចិនខាងត្បូង បន្តអូសបន្លាយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី ០៣ តុលា ២០២២។
មន្ត្រីយោធាអាមេរិក និងហ្វីលីពីន បាននិយាយថា សមយុទ្ធឈ្មោះ Kamandag ឬកិច្ចសហប្រតិបត្តិការនៃអ្នកចម្បាំងសមុទ្រ» មានការចូលរួមពីទាហានម៉ារីនអាមេរិកចំនួន ១ ៩០០ នាក់ និងហ្វីលីពីនជាង ៦០០ នាក់ដែលនឹងផ្ដោតសំខាន់លើការវាយលុក និងប្រតិបត្តិការពិសេស។
មន្រ្តីយោធានៃប្រទេសទាំងពីរបន្តទៀតថា ប្រព័ន្ធបាញ់មីស៊ីលទំនើប HIMARS និងយន្តហោះចម្បាំងលឿនជាងសំឡេងរបស់អាមេរិក ក៏ត្រូវប្រើក្នុងសមយុទ្ធបាញ់គ្រាប់ពិត ដែលនឹងបញ្ចប់នៅពាក់កណ្ដាលខែតុលានេះផងដែរ។
សមយុទ្ធ Kamandag នឹងត្រូវធ្វើឡើងនៅលើផ្ទៃសមុទ្រនៃភាគខាងលិចខេត្ត Palawan ដែលទល់នឹងសមុទ្រចិនខាងត្បូង និងនៅភាគខាងជើងក្នុងច្រកសមុទ្រ Luzon ចន្លោះកោះតៃវ៉ាន់ និងហ្វីលីពីន។
មន្ត្រីយោធាអាមេរិកនិយាយថា សមយុទ្ធយោធានៅហ្វីលីពីននាពេលនេះ ធ្វើឡើងក្នុងពេលដំណាលគ្នាជាមួយនឹងសមយុទ្ធប្រយុទ្ធរវាងកងម៉ារីនអាមេរិក និងកងកម្លាំងការពារស្វ័យការពាររបស់កងទ័ពជប៉ុននៅលើកោះហុកកៃដូភាគខាងជើងរបស់ប្រទេសជប៉ុន ដែលការចូលរួមពីយោធាប្រហែល ៣ ០០០ នាក់។