ហូជីមិញ ៖ បើយោងតាមសារព័ត៌មានរបស់ VN Explorer បានរាយការណ៍ថា ស្ត្រីជនជាតិវៀតណាមម្នាក់ដែលវិលត្រឡប់មកពីប្រទេសអង់គ្លេសត្រូវបានគេរកឃើញថា មានផ្ទុកវីរុសបម្លែងខ្លួនប្រភេទថ្មីដែលឆ្លងខ្លាំងជាងវីរុសកូរ៉ូណា។

នាងស្ថិតក្នុងចំណោមអ្នកដំណើរចំនួន៣០៥នាក់ដែលវិលត្រឡប់មកប្រទេសវៀតណាមវិញតាមជើងហោះហើរ VN50 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដែលបានចុះចតនៅទីក្រុង Can Tho កាលពីថ្ងៃទី២២ខែធ្នូ។នៅពេលមកដល់ ពួកគេត្រូវបានបញ្ជូនទៅកន្លែងធ្វើចត្តាឡីស័កក្នុងទីក្រុង Can Tho, ខេត្ត Vinh Long និង Tra Vinh និងទីក្រុងហូជីមិញ។

នៅពេលធ្វើតេស្តពីរថ្ងៃក្រោយ ពួកគេ៦នាក់ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ដោយក្នុងនោះមាន៤នាក់នៅ Vinh Long និង២នាក់នៅ Tra Vinh។

សំណាកអ្នកឆ្លងរោគដែលត្រូវបានបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រហូជីមិញបានបញ្ជាក់ថា អ្នកជំងឺម្នាក់ដែលជាស្ត្រីអាយុ៤៤ឆ្នាំបានឆ្លងវីរុស SARS-CoV-2 VOC 202012/01 ដែលមេរោគនេះត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេសហើយឆ្លងខ្លាំងជាងកូវីដរហូតដល់ទៅ៧០ភាគរយឯណោះ។

គួរបញ្ជាក់ថា មានប្រទេសចំនួន៣៣ហើយដែលបានរាយការណ៍ រកឃើញវីរុសបម្លែងខ្លួនប្រភេទថ្មីចាប់តាំងពីចក្រភពអង់គ្លេសបានរាយការណ៍ជាលើកដំបូងនៅថ្ងៃទី៨ខែធ្នូ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ