ការវាយប្រហាររបស់រុស្ស៊ីលើក្រុង Lviv ប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពល ស្របពេលប្រធានាធិបតីអ៊ុយក្រែន ស្នើសុំ G7 នូវអាវុធការពារដែនអាកាស
ក្រុងកៀវ៖ អភិបាលក្រុង Andriy Sadovyi បាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទីក្រុង Lviv) បានធ្វើឱ្យផ្នែកមួយនៃទីក្រុងភាគខាងលិចអ៊ុយក្រែនគ្មានថាមពលប្រើប្រាស់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃ១១ តុលា ២០២២។
លោក Sadovyi បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា "ជាលទ្ធផលនៃការវាយប្រហារដោយកាំជ្រួច 30 ភាគរយនៃក្រុងLviv គឺគ្មានអគ្គិសនីជាបណ្តោះអាសន្ន" ដោយបន្ថែមថាការផ្គត់ផ្គង់ទឹកក៏ត្រូវបានរំខាននៅក្នុងស្រុកចំនួនពីរនៃទីក្រុងផងដែរ។
ការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ីក៏បានប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់ Lviv កាលពីថ្ងៃចន្ទ។ ក្រសួងការពារជាតិរបស់ខ្លួនបាននិយាយនៅថ្ងៃអង្គារថា ខ្លួនបានចាប់ផ្តើមការវាយប្រហារតាមអាកាសរយៈចម្ងាយឆ្ងាយទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងយោធារបស់ប្រទេសអ៊ុយក្រែន។
ដោយឡែក ប្រធានាធិបតី Volodymyr Zelenskyy នឹងស្នើឱ្យមេដឹកនាំនៃក្រុមប្រទេស G7 ផ្គត់ផ្គង់ជាបន្ទាន់ដល់អ៊ុយក្រែននូវអាវុធការពារដែនអាកាស។
គួរបញ្ជាក់ថា ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្រោមសម្ពាធក្នុងស្រុក ក្នុងការបង្កើនជម្លោះ ខណៈដែលកងកម្លាំងរបស់លោកបានបាត់បង់ដីតាំងពីដើមខែកញ្ញាមកនោះ បាននិយាយថា លោកបានបញ្ជាឱ្យមានការវាយប្រហារជាការសងសឹកចំពោះការផ្ទុះដែលបានបំផ្លាញស្ពានរបស់រុស្ស៊ីទៅកាន់ឧបសម្ព័ន្ធគ្រីមេ៕RT