ប៉ារីស៖ ប្រទេសបារាំងបានសន្យាថានឹងបញ្ជូនរថក្រោះធុនស្រាល និងរថពាសដែករាប់សិបគ្រឿងបន្ថែមទៀតទៅកាន់អ៊ុយក្រែន និងផ្តល់ការបណ្តុះបណ្តាលសម្រាប់ទាហានអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៣។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានហោះទៅប្រទេសបារាំងកាលពីល្ងាចថ្ងៃអាទិត្យដើម្បីពិភាក្សាជាមួយប្រធានាធិបតីបារាំង Emmanuel Macron នៅវិមាន Elysee ក្នុងទីក្រុងប៉ារីស។
ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីសគឺជាផ្នែកមួយរបស់លោក Zelenskyy និងសម្ព័ន្ធមិត្តសំខាន់ៗរបស់អឺរ៉ុបមួយចំនួន ដើម្បីបង្កើនការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុ មុនពេលការវាយលុកដ៏ធំដែលរំពឹងទុករបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។
គួរឲ្យដឹងដែរថា លោក Macron បានអះអាងសារជាថ្មីថា ប្រទេសបារាំងនឹងបន្តផ្តល់ជំនួយផ្នែកនយោបាយ ហិរញ្ញវត្ថុ មនុស្សធម៌ និងយោធាដល់អ៊ុយក្រែន៕RT