សម្ព័ន្ធយោធាណាតូ នឹងដាក់ពង្រាយកម្លាំងទៅកាន់កូសូវ៉ូ បន្ទាប់ពីក្រុមរក្សាសន្តិសុខរាប់សិបនាក់រងរបួសក្នុងការប៉ះទង្គិចគ្នា
អន្តរជាតិ៖ សម្ព័ន្ធយោធានឹងដាក់ពង្រាយទាហានចំនួន៧០០នាក់ បន្ថែមទៀតទៅកាន់ប្រទេសកូសូវ៉ូ ភាគខាងជើង បន្ទាប់ពីកងកម្លាំងរក្សាសន្តិសុខរបស់ខ្លួន២៥នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នាដ៏រំជើបរំជួលជាមួយក្រុមបាតុករជនជាតិភាគតិចស៊ែរប៊ី ស្របពេលជម្លោះដ៏រ៉ាំរ៉ៃ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៣។
អគ្គលេខាធិបការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់ក្រុមអ្នកសារព័ត៌មាន បែបនេះ នៅក្នុងទីក្រុង Oslo ប្រទេសន័រវ៉ែស បន្ទាប់ពីជំនួបជាមួយលោកស្រីរដ្ឋមន្ត្រី ន័រវ៉ែសJonas Gahr Store កាលពីថ្ងៃអង្គារ។
លោកបានបញ្ជាក់ថា សម្ព័ន្ធយោធាណាតូក៏នឹងដាក់កងវរសេនាតូច នៃកងកម្លាំងបម្រុងឲ្យស្ថិតក្នុងការប្រុងជើងការខ្ពស់ផងដែរ ដូច្នេះពួកគេក៏នឹងអាចត្រូវបញ្ជូនទៅផងដែរក្នុងករណីចាំបាច់។
កងវរសេនាតូច មានកម្លាំងចន្លោះ ពី៣០០ ទៅប្រហែល១.០០០នាក់ ។ បេសកកម្មរក្សាសន្តិសុខដឹកនាំដោយសម្ព័ន្ធយោធា នៅក្នុងប្រទេសកូសូវ៉ូ ហៅកាត់ថា KFOR បច្ចុប្បន្នមានទាហានជិត៣.៨០០នាក់។
មេបញ្ជាការនៃទីបញ្ជាការដ្ឋានកងកម្លាំងសម្ព័ន្ធមិត្តនៅក្នុងទីក្រុង ណែបផលស៍ (Naples ) លោក ឧត្ដមនាវី Stuart Munsch បាននិយាយថា ចំណាត់ការនេះ គឺជាវិធានការដ៏ប្រុងប្រយ័ត្ន ដែលនឹងធានាថា កងកម្លាំងកូសូវ៉ូ មានលទ្ធភាពចាំបាច់ក្នុងការរក្សាសន្តិសុខ។
គួរម្លឹកថា ជម្លោះនៅក្នុងប្រទេសកូសូវ៉ូ បានផ្ទុះឡើងកាលពីឆ្នាំ១៩៩៨ នៅពេលក្រុមបំបែកខ្លួនជនជាតិភាគតិចអាល់បានី បានក្រោកបះបោរប្រឆាំងនឹងរបបដឹកនាំរបស់ស៊ែរប៊ី ហើយក្រោយមក បានឆ្លើយតបដោយការបង្ក្រាបដ៏សាហាវព្រៃផ្សៃ ។ មនុស្សប្រមាណ១៣.០០០នាក់ ភាគច្រើនជាជនជាតិភាគតិចអាល់បានី បានស្លាប់៕RT