ណៃពិដោ៖ ប្រភពពីរដែលស្និទ្ធនឹងរបបយោធាបានប្រាប់កាសែតបារាំងថា មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅខែក្រោយនេះ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ តុលា ២០២៤។
ក្នុងខែវិច្ឆិកា មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing នឹងធ្វើដំណើរទៅកាន់ប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនគឺចិន។ នេះបើតាមប្រភពស្និទ្ធនឹងរបបយោធា។
នេះជាការបំពេញទស្សនកិច្ចលើកដំបូងនៅទីក្រុងប៉េកាំង ចាប់តាំងពីគាត់បានដឹកនាំរដ្ឋប្រហារនៅមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០២១។ ប៉ុន្តែប្រភពមិនបានបង្ហើបឱ្យដឹងលំអិត អំពីកាលបរិច្ឆេតច្បាស់លាស់ទេ ហើយស្ថានទូតមីយ៉ាន់ម៉ា និងភាគីចិនក៏មិនបានផ្តល់ចម្លើយដែរ។
លោក Min Aung Hlaing ក៏ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្សី ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយផ្សេងទៀត និងជាអ្នកផ្គត់ផ្គង់សព្វាវុធ ជាច្រើនដង ចាប់តាំងពីរដ្ឋប្រហារ រួមទាំងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្សី លោក Vladimir Putin ក្នុងឆ្នាំ ២០២២។
រីឯទីក្រុងប៉េកាំងគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់សព្វាវុធរបស់របបយោធាដ៏ឯកោនៅលើឆាកអន្តរជាតិ ដែលកំពុងប្រយុទ្ធជាមួយគូប្រជែងនៅទូទាំងប្រទេសខ្លួន បន្ទាប់ពីរដ្ឋប្រហារនៅឆ្នាំ ២០២១។
អ្នកវិភាគនិយាយថា ចិនក៏រក្សាទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា ដែលកាន់កាប់ទឹកដីនៅជិតព្រំដែនរបស់ខ្លួនផងដែរ។ ដោយសារតែរដ្ឋសាន របស់មីយ៉ាន់ម៉ា មានព្រំប្រទល់ជាប់ខេត្តយូណាន របស់ចិន ហើយជាផ្នែកដ៏សំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ទីក្រុងប៉េកាំង៕