តូក្យូ៖ មនុស្សយ៉ាងហោចណាស់ ៦២នាក់ បានស្លាប់នៅក្នុងការរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារឧបទ្វីប ណូតូ (Noto) និងតំបន់ជុំវិញភាគកណ្តាលប្រទេសជប៉ុននៅថ្ងៃចូលឆ្នាំសកល ស្របពេលមានរបាយការណ៍អំពីការខូចខាតកាន់តែច្រើន ហើយក្រុមអ្នកជួយសង្គ្រោះបានប្រឹងប្រែងឥតសម្រាកក្នុងការស្វែងរកអ្នករស់រានមានជីវិត ខណៈមានរលករញ្ជួយជាបន្តបន្ទាប់កាលពីថ្ងៃអង្គារ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៣ មករា ២០២៤។

ការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័របានបំផ្លិចបំផ្លាញលំនៅឋាននៅទីក្រុង ស៊ូស៊ុយ (Suzu)នៅចុងឧបទ្វីប និងបណ្តាលឱ្យមានអគ្គិភ័យនៅក្នុងទីក្រុង វ៉ា ជីម៉ា (Wajima) ក្នុងខេត្ត អ៊ីហ្ស៊ីកាវ៉ា (Ishikawa) ។ ប៉ុន្តែទំហំនៃការខូចខាតទាំងស្រុងនៅមិនទាន់ដឹងនៅឡើយទេ ដោយគ្របដណ្ដប់ទៅដោយកម្ទេចថ្ម ហើយផ្លូវនានារងការខូចខាតធ្ងន់ធ្ងររំខានដល់ការផ្គត់ផ្គង់ជំនួយ និងប្រតិបត្តិការជួយសង្គ្រោះ។ អភិបាលក្រុងស៊ូស៊ុយ (Suzu) លោក ម៉ាស៊ូហ៊ីរ៉ូ អ៊ីហ្ស៊ូមីយ៉ា (Masuhiro Izumiya) បាននិយាយនៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលប្រចាំខេត្តថា ស្ថានភាពធ្ងន់ធ្ងរណាស់ ស្របពេលលំនៅឋាន ប្រហែល៩០% ភាគរយត្រូវបានបំផ្លាញទាំងស្រុង ឬស្ទើរតែទាំងស្រុង។

ក្រុមអ្នកជួយសង្រ្គោះកំពុងបន្តប្រតិបត្តិការរបស់ពួកគេ នៅក្នុងខេត្ត Ishikawa ជាទីដែលទទួលរងគ្រោះខ្លាំងក្លាជាងគេ ជាមួយមនុស្សស្លាប់កើនដល់ ៦២នាក់ និងមនុស្សរាប់ម៉ឺននាក់នៅតែបន្តគ្មានអគ្គិសនីប្រើប្រាស់នៅឡើយ។ បើតាមមន្ត្រីក្នុងតំបន់ម្នាក់ទទួលខុសត្រូវលើការឆ្លើយតបទៅនឹង គ្រោះមហន្តរាយក្នុងខេត្ត Ishikawa មនុស្សច្រើនជាង ៣០០នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ ក្នុងនោះមាន២០នាក់រងរបួសធ្ងន់។

ការព្រមានអំពីរលកយក្សស៊ូណាមិដែលគ្របដណ្តប់តំបន់យ៉ាងធំតាមបណ្តោយសមុទ្រជប៉ុនត្រូវបានដកចេញកាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីរលកខ្ពស់បំផុតយ៉ាងហោចណាស់១,២ម៉ែត្របានទៅដល់កំពង់ផែវ៉ាជីម៉ា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ