ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានរំលឹកថា នៅពេលសម្តេច ចាប់ផ្ទៃបាន ៧ខែ ត្រូវជាប់គុកជាមួយម្តាយ នៅសម័យប៉ុលពត។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត ជាង ១ម៉ឺននាក់ នៅតាមបណ្តារោងចក្រ សហគ្រាស មានមូលដ្ឋាន ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទារក កើតនៅអំឡុងពេលនេះ មានសំណាងខ្ពស់ជាង ឪពុក-ម្ដាយ របស់ខ្លួន ដែលកើតក្នុងអំឡុងរបបខ្មែរក្រហម។
សម្ដេច មានប្រសាសន៍ថា «ថ្ងៃមុន ខ្ញុំ ធ្លាប់ប្រាប់គេថា ខ្ញុំធ្លាប់ជាប់គុក នៅជំនាន់ប៉ុលពត។ គេថាម៉េចអញ្ចឹង? មកពីកាលជំនាន់ប៉ុលពត ពុកគាត់រត់ចេញទៅតស៊ូ អញ្ចឹងគេដាក់ម៉ែក្នុងគុក ហើយខ្ញុំអាយុ ៧ខែ នៅក្នុងពោះ ហើយជាប់គុកដែរ»។
សម្ដេច បន្ដថា នៅពេលសម្ដេច កើតចេញមកបិះនឹងស្លាប់ទៀត ព្រោះពេលនោះបានក្ដៅខ្លួនខ្លាំង មិនមានថ្នាំឡើយ ។ សម្ដេច រំលឹកទៀតថា បងប្រុសទីមួយរបស់សម្ដេច បានស្លាប់ដោយសារធ្លាក់ពីលើដៃរបស់គ្រូពេទ្យ។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ប៉ុន្ដែឥឡូវនេះ កូនដឹងសុខភាព និងភេទ តាំងពីក្នុងពោះម្ដាយ ហើយក៏មានពេទ្យនៅដល់មូលដ្ឋានជាប់ជាប្រចាំផងដែរ។ សម្ដេច ចាត់ទុកថា «ទាំងនេះហើយ ជាការវិវត្តន៍របស់ប្រទេសកម្ពុជា»៕