ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសំណូមពរដល់កងកម្លាំងនគរបាលជាតិទាំងអស់ បន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ប្រកបដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ គុណធម៌ និងវិជ្ជាជីវៈខ្ពស់។

តាមរយៈសារលិខិតរបស់ នាយឧត្តមសេនីយ៍ ស ថេត ផ្ញើជូនពរ កងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ (១៦ ឧសភា ១៩៤៥ - ១៦ ឧសភា ២០២៥) នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះវីរភាពដ៏ អង់អាចក្លាហានរបស់កងកម្លាំងនគរបាលគ្រប់ផ្នែកគ្រប់ថ្នាក់ ដែលបង្កើតបានស្នាដៃ និងសមិទ្ធផលដ៏មហិមា ជូនប្រទេសជាតិ ហើយក៏សូមគាំទ្រ លើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិទាំងអស់ បន្តនូវស្មារតី និងឆន្ទៈមុតស្រួចរបស់ខ្លួន ក្នុងកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារបាវចនាជាតិ រដ្ឋធម្មនុញ ការពារឧត្តមប្រយោជន៍ជាតិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ ស ថេត បន្ដថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលនី តិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីនាំប្រទេសជាតិឆ្ពោះទៅកាន់ការអភិវឌ្ឍ និងសេចក្តីចម្រុងចម្រើន ប្រកបដោយសុខុមាលភាព និងវិបុលភាព ដែលមានវិស័យសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម គឺជាបរិស្ថានគ្របដណ្តប់ និងជាបុព្វបទស្នូល នៃយុទ្ធសាស្ត្រប្រកបដោយអាទិភាពនេះ។ ដូចនេះ មន្ត្រី នគរបាលជាតិគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ជាតួអង្គប្រតិបត្តិករទទួលខុសត្រូវចំពោះភារកិច្ចដ៏ថ្លៃថ្លា និងវិសេសវិសាលនេះ។

ក្នុងន័យដ៏មានសារៈសំខាន់ដូចពោលខាងលើ នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា «ខ្ញុំសូមសម្តែងនូវក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយម និងជឿជាក់យ៉ាងមុតមាំចំពោះឆន្ទៈ មនសិការស្នេហាជាតិ និងភក្ដីភាពចំពោះជាតិមាតុភូមិរបស់បងប្អូន និងសូមសំណូមពរដល់កងកម្លាំងនគរបាលជាតិទាំងអស់ បន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ប្រកបដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ គុណធម៌ និងវិជ្ជាជីវៈខ្ពស់»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ