វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថ្លែងថា លោកគ្មានចេតនាជួបជាមួយលោក វ៉្លាឌីមៀ ពូទីន អំឡុងកិច្ចប្រជុំកំពូល G20 នាពេលខាងមុខនៅកោះបាលី ដើម្បីនិយាយអំពីអ៊ុយក្រែនទេ លុះត្រាតែមេដឹកនាំរុស្ស៊ីរូបនេះមកជួបគាត់ជាមុន ដើម្បីពិភាក្សាអំពីបញ្ហាមួយចំនួន ដូចជាការដោះលែងតារាបាល់បោះ WNBA នាង Brittney Griner ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារនៅរុស្ស៊ីជាដើម។ នេះបើយោងតាមការចុះផ្សាយដោយទៅភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី១៣ តុលា ២០២២។

លោក បៃដិន បានពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗដែលរំខានដល់ទំនាក់ទំនងរុស្ស៊ី-អាមេរិក ហើយបានថ្កោលទោសការគំរាមកំហែងរបស់លោក ពូទីន ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងជម្លោះយោធាជាមួយអ៊ុយក្រែន។ នៅពេលសួរថាតើគាត់សុខចិត្តជួបជាមួយមេដឹកនាំរុស្ស៊ីនៅឯកិច្ចប្រជុំកំពូល G20 ក្នុងខែវិច្ឆិកាឬអត់? លោក បៃដិន ឆ្លើយថា ខ្ញុំគ្មានចេតនាជួបជាមួយគាត់ទេ។ ប៉ុន្តែជាឧទាហរណ៍ ប្រសិនបើគាត់មករកខ្ញុំមុន នៅឯកិច្ចប្រជុំ G20 ហើយប្រាប់ថា ខ្ញុំចង់និយាយអំពីការដោះលែងនាង Griner នោះខ្ញុំនឹងជួបជាមួយគាត់។ ខ្ញុំចង់មានន័យថា វានឹងអាស្រ័យលើរឿងនេះ។

លោក បៃដិន បានសង្កត់ធ្ងន់ថា លោក ពូទីន បានប្រព្រឹត្តអំពើដ៏សាហាវឃោរឃៅ ខ្ញុំគិតថា គាត់បានប្រព្រឹត្ត “ឧក្រិដ្ឋកម្មសង្គ្រាម” ដូច្នេះហើយ ខ្ញុំមើលមិនឃើញមានហេតុផលណាមួយ ដើម្បីជួបជាមួយគាត់នៅពេលនេះទេ។ មេដឹកនាំទាំងពីរមិនបាននិយាយគ្នាដោយផ្ទាល់ទេ ចាប់តាំងពីមុនពេលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែនកាលពីចុងខែកុម្ភៈ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ