សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងមហាផ្ទៃខិតខំសកម្មបន្ថែមទៀតក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន ករណីចរាចរណ៍ និងបញ្ហាជាច្រើនទៀតនៅក្នុងសង្គម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យក្រសួងមហាផ្ទៃខិតខំឲ្យបានសកម្មបន្ថែមទៀត ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន, បញ្ហាចរាចរណ៍ បញ្ហាក្មេងទំនើប និងបញ្ហាជាច្រើនទៀតនៅក្នុងសង្គម ដើម្បីធ្វើយ៉ាងណាធានានូវសុវត្ថិភាពជូនពលរដ្ឋឲ្យសមស្របទៅតាមគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្តីការក្រសួងមហាផ្ទៃថ្មី នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងថា បញ្ហាជាច្រើនដែលត្រូវរួមគ្នាបន្តឥតឈប់ឈរ និងខិតខំស្វែងរកវិធីសាស្ត្រ ក៏ដូចជាមធ្យោបាយផ្សេងៗទៀត ដោះស្រាយ,បង្ក្រាប និងទប់ស្កាត់នូវបាតុភាពនានានៅក្នុងសង្គមដែលបញ្ហាទាំងនេះបានកើតឡើងគួរឲ្យព្រួយបារម្ភពីសំណាក់បងប្អូនប្រជាពលរដ្ឋនោះ។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានណែនាំដល់ក្រសួងមហាផ្ទៃត្រូវពង្រឹងដល់មន្រ្តី របស់ខ្លួនឲ្យបានច្បាស់លាស់ ជាពិសេសមន្រ្តីដែលនៅជាប់នឹងមូលដ្ឋាន និងនៅជាប់ជាមួយប្រជាពលរដ្ឋនេះតែម្តង ដោយត្រូវរកមន្រ្តីណាដែលសកម្មក្នុងការបម្រើសេវាប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងខិតរកដំណោះស្រាយដែលបានកើតឡើងនៅក្នុងសង្គមជាដើម៕