សេអ៊ូល៖ មេដឹកនាំកូរ៉េខាងត្បូង ព្រមានថា របបដឹកនាំកូរ៉េខាងជើងអាចនឹងបង្កហេតុមួយចំនួន មានដូចជាការវាយប្រហារតាមអ៊ីនធឺណិត ឬប្រើយន្តហោះដ្រូនឈ្លានពាន នៅមុនការបោះឆ្នោតសភាកូរ៉េខាងត្បូងនាខែមេសាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃទី០១ កុម្ភ: ២០២៣។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមប្រឹក្សាការពារជាតិ បានថ្លែងថា របបដឹកនាំកូរ៉េខាងជើងទំនងជាបង្កើនសកម្មភាពបង្កហេតុ ដើម្បីជ្រៀតជ្រែកការបោះឆ្នោតនាខែមេសាខាងមុខ ហើយស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ពង្រឹងកិច្ចការពារជាតិ។

សភាកូរ៉េខាងត្បូងនឹងបោះឆ្នោតជ្រើសរើសសមាជិកថ្មី នៅថ្ងៃទី១០ ខែមេសា ដោយមានអាសនៈចំនួន ៣០០។ លោក យូន បានគូសបញ្ជាក់យ៉ាងដូច្នេះថា ឆ្នាំនេះ យើងរំពឹងថា នឹងមានការបង្កហេតុជាច្រើនពីសំណាក់កូរ៉េខាងជើង មានដូចជាការបង្កហេតុតាមព្រំដែន ការប្រើយន្តហោះដ្រូនឈ្លានពាន បង្កើតព័ត៌មានក្លែងក្លាយ ការវាយប្រហារតាមអ៊ីនធឺណិត និងការឃោសនាមិនពិត។

សូមរម្លឹកថា កាលពីខែធ្នូ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍មួយ ដោយរំពឹងថា កូរ៉េខាងជើងនឹងអនុវត្តការបង្កហេតុផ្នែកយោធា និងការវាយប្រហារតាមអ៊ីនធឺណិតនៅឆ្នាំ២០២៤នេះ ដោយផ្តោតលើយុទ្ធនាការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ទីភ្នាក់ងារចារកម្មនេះបន្ថែមថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីចុងឆ្នាំមុន ក៏បានណែនាំជំនួយការរបស់គាត់ ឱ្យបង្កើតវិធានការណ៍បង្កភាពចលាចលដ៏ធំក្នុងប្រទេសកូរ៉េខាងត្បូងនៅដើមឆ្នាំនេះផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ