បាកដាដ៖ ប្រធានសម្ព័ន្ធអារ៉ាប់ បានទាមទារឱ្យបញ្ចប់ប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សាស្ទ្រីបជាបន្ទាន់ ហើយបានចោទប្រកាន់ថា ការឡោមព័ទ្ធតំបន់នេះ គឺប្រៀបដូចជាការដកហូតមនុស្សជាតិចេញពីប្រជាជនប៉ាឡេស្ទីន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១៧ តុលា ២០២៣។

អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក អះម៉ាត់ អាប៊ូ ហ្គេត បាននិយាយក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីយុត្តិធម៌អារ៉ាប់នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ យ៉ាងដូច្នេះថា យើងទាមទារឱ្យបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ និងបើកច្រករបៀងសុវត្ថិភាព ដើម្បីនាំយកជំនួយជួយដល់ប្រជាជននៅតំបន់ហ្គាហ្សា។

ប្រធានសម្ព័ន្ធអារ៉ាប់រូបនេះបានសង្កត់ធ្ងន់ទៀតថា ការឡោមព័ទ្ធតំបន់ហ្គាហ្សារបស់អ៊ីស្រាអែល ដែលបានកាត់ផ្តាច់ទឹក ស្បៀងអាហារ អគ្គិសនី និងប្រេងឥន្ធនៈ គឺប្រៀបដូចជាការដកហូតមនុស្សជាតិចេញពីប្រជាជនប៉ាឡេស្ទីន និងការត្រួសត្រាយផ្លូវដើម្បីលុបបំបាត់ជនជាតិដើមភាគតិច។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស់ មួយថ្ងៃបន្ទាប់ពីរលកនៃពួកសកម្មប្រយុទ្ធរបស់ខ្លួនបានទម្លុះព្រំដែនដ៏រឹងមាំរបស់ហ្គាហ្សាចូលវាយលុកទឹកដីរបស់អ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានបាញ់ប្រហារ ចាក់ និងដុតសម្លាប់មនុស្សជាង ១,៤០០នាក់។

យ៉ាងណាមិញ បន្ទាប់ពីការវាយប្រហារដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រនេះ អ៊ីស្រាអែលបានបញ្ចេញយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២,៧៥០នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ