បាកដាដ៖ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសអ៊ីរ៉ាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ០៩ ខែធ្នូ ថា ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមបានបញ្ចប់បេសកកម្មប្រយុទ្ធរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយនឹងប្តូរទៅតួនាទីបណ្តុះបណ្តាល និងប្រឹក្សា។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៩ ធ្នូ ២០២១៕

ការផ្លាស់ប្តូរបេសកកម្មសម្រាប់ទាហានអាមេរិកប្រហែល 2,500 នាក់ដែលឈរជើងនៅក្នុងប្រទេសដែលរងនូវសង្រ្គាមនៅចុងឆ្នាំនេះត្រូវបានប្រកាសជាលើកដំបូងដោយប្រធានាធិបតីអាមេរិក Joe Biden ក្នុងខែកក្កដា នៅពេលដែលគាត់ធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mustafa al-Kadhemi ។

រដ្ឋាភិបាលអ៊ីរ៉ាក់បានរងសម្ពាធពីក្រុមនយោបាយដ៏មានអំណាចដែលគាំទ្រអ៊ីរ៉ង់ ដែលមានកងកម្លាំងប្រដាប់អាវុធ ដែលបានទាមទារយ៉ាងខ្លាំង ឱ្យទាហានអាមេរិកទាំងអស់ចាកចេញពីប្រទេស។

ទីប្រឹក្សាសន្តិសុខជាតិ លោក Qassem al-Aaraji បានសរសេរនៅលើ Twitter ថា "យើងកំពុងប្រកាសជាផ្លូវការនូវការបញ្ចប់បេសកកម្មប្រយុទ្ធរបស់កងកម្លាំងចម្រុះ" ។ លោកបានបន្ថែមថា៖ «ទំនាក់ទំនងជាមួយក្រុមចម្រុះអន្តរជាតិនៅតែបន្តក្នុងផ្នែកនៃការហ្វឹកហ្វឺន ប្រឹក្សា និងការកសាងសមត្ថភាព» របស់កងកម្លាំងអ៊ីរ៉ាក់។

យ៉ាងណាមិញ ក្រុមISត្រូវបានចាញ់នៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ 2017 បន្ទាប់ពីការវាយលុកដោយកងកម្លាំងអ៊ីរ៉ាក់ដោយមានការគាំទ្រពីក្រុមចម្រុះដែលមានប្រទេសជាង 80 ដែលក្នុងនោះមានប្រទេសអង់គ្លេស បារាំង និងប្រទេសអារ៉ាប់មួយចំនួនទៀត។

ទោះបីជាអ៊ីរ៉ាក់បានប្រកាសជ័យជំនះលើក្រុមជីហាដ IS នៅក្នុងខែធ្នូ ឆ្នាំ 2017 ក៏ដោយ ក៏ក្រុមដែលនៅសេសសល់របស់ក្រុមនេះនៅតែធ្វើការវាយប្រហារប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិល ហើយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានសម្លាប់យុទ្ធជនឃឺដជាច្រើននាក់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ