កាប៊ុល៖ ក្រុមតាលីបង់ប្រកាសថា សង្គ្រាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ ក្រោយកងកម្លាំងរបស់ពួកគេបានចូលទៅគ្រប់គ្រងវិមានប្រធានាធិបតីអាហ្វហ្គានីស្ថាននៅក្នុងរដ្ឋធានីកាប៊ុល ខណៈកងទ័ពអាមេរិកបានចាកចេញ ហើយប្រទេសលោកខាងលិចមួយចំនួនកំពុងបន្តជម្លៀសជនជាតិរបស់ពួកគេ ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera ៕

អ្នកនាំពាក្យការិយាល័យនយោបាយក្រុមតាលីបង់ បានប្រាប់ទូរទស្សន៍ Al Jazeera ថា ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យសម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន និងកងកម្លាំងប្រយុទ្ធរបស់យើង។ 

ពួកគេបានមើលយ៉ាងច្បាស់នូវផលដែលទទួលបានមកពីការខិតខំប្រឹងប្រែង និងបូជារបស់ពួកគេអស់រយៈពេល ២០ឆ្នាំ។ អរគុណព្រះជាម្ចាស់! សង្គ្រាមបានបញ្ចប់ហើយនៅក្នុងប្រទេសនេះ។ អ្នកនាំពាក្យរបស់ក្រុមតាលីបង់បន្ថែមថា របបដឹកនាំថ្មីនៅអាហ្វហ្គានីស្ថាននឹងត្រូវបង្កើតឡើងយ៉ាងច្បាស់លាស់នាពេលឆាប់ៗខាងមុខ ហើយរដ្ឋាភិបាលតាលីបង់មិនចង់រស់នៅដោយឯកោនោះឡើយ ដោយយើងនឹងអំពាវនាវឲ្យមានទំនាក់ទំនងជាមួយអន្តរជាតិប្រកបដោយសន្តិភាព។ 

យើងបានទាមទារយកមកវិញ នូវអ្វីដែលយើងចង់បាន នោះគឺសេរីភាពនៃប្រទេសរបស់យើង និងឯករាជ្យភាពនៃប្រជាជន។ យើងនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ប្រើប្រាស់ទឹកដីរបស់យើង ដើម្បីគំរាមកំហែងអ្នកផ្សេងទៀតឡើយ ហើយយើងក៏មិនចង់បង្កការគំរាមកំហែង ចំពោះនរណាម្នាក់នោះដែរ ។ 

គួររម្លឹកថា សម្រាប់ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក ម៉ូហាំម៉ាត់ អាស្រាហ្វ ហ្គានី ដែលបានភៀសខ្លួនចេញពីប្រទេសនេះកាលពីថ្ងៃអាទិត្យម្សិលមិញបានអះអាងថា លោកសុខចិត្តធ្វើបែបនេះ គឺដើម្បីចៀសវាងការបង្ហូរឈាមគ្នា ៕ 

ហើយមកទល់ពេលនេះ មេបញ្ជាការក្រុមតាលីបង់ និងកងកម្លាំងប្រដាប់អាវុធឯទៀតកំពុងគ្រប់គ្រងនៅវិមានប្រធានាធិបតី ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ