បែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានរួមគ្នាអំពាវនាវឱ្យប្រធានាធិបតីរុស្ស៊ី លោក ពូទីន បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន អំឡុងកិច្ចប្រជុំ G20។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ វិច្ឆិកា ២០២៣។

អំឡុងសន្និសីទសារព័ត៌មាន នៅឯទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ លោក Scholz បាននិយាយថា រូបលោក និង លោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលី បានអំពាវនាវបែបនេះ តាមរយៈកិច្ចប្រជុំ ជាវីដេអូ នៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ លើពិភពលោក ហៅកាត់ G20 ។ លោកបានបន្តថា លោកប្រធានាធិបតីរុស្ស៊ីក៏បានចូលរួមកិច្ចប្រជុំនោះដែរ ហើយក៏ជាការចូលរួម លើកដំបូង ចាប់តាំងពីមានជម្លោះរុស្ស៊ី និងអ៊ុយក្រែន។

លោកអធិការបតីអាល្លឺម៉ង់រូបនេះបានចាត់ទុកវត្តមានចូលរួមរបស់លោកពូទីន គឺជា«ឱកាសល្អ» ដើម្បីដាក់សម្ពាធដល់វិមានក្រឹមឡាំង ឱ្យបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន។

ជាមួយគ្នានេះ លោកស្រី Meloni បានមានប្រសាសន៍ដែរថា វត្តមាននិម្មិតរបស់លោកពូទីន នៅឯកិច្ចប្រជុំកំពូល G20 គឺ «ងាយស្រួល» ពីព្រោះលោកពូទីន មិនចាំបាច់ចាកចេញពីទីក្រុងមូស្គូនោះទេ។

លោកស្រី នាយករដ្ឋមន្ត្រីអ៊ីតាលី បានស្វាគមន៍ចំពោះលោកពូទីន ដើម្បីធ្វើការឆ្ពោះទៅរកសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែលោកស្រីបានបន្ថែមថា «យើងមិនត្រូវភ្លេចថា នៅអ៊ុយក្រែន មានអ្នកឈ្លានពាននោះទេ»។ លោកស្រីបានបន្តថា «វាល្មមដល់ពេល ឲ្យរុស្ស៊ីដកទ័ពចេញពីទឹកដី ដែលត្រូវបានឈ្លានពានហើយ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ