ប៉េកាំង៖ ប្រទេសចិនបានព្រមានហ្វីលីពីនប្រឆាំងនឹង «ការបង្កហេតុ» នៅសមុទ្រចិនខាងត្បូងដោយនិយាយថា ទង្វើបែបនេះបានរំលោភលើអធិបតេយ្យភាពទឹកដីរបស់ចិន បំពានច្បាប់អន្តរជាតិ និងរំខានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ១០ តុលា ២០២៣។

ក្រសួងការបរទេសចិននិយាយក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងម៉ឺងម៉ាត់ថា ដែនដីហ្វីលីពីនត្រូវបានកំណត់ដោយសន្ធិសញ្ញាអន្តរជាតិជាបន្តបន្ទាប់ ហើយកោះប៉ប្រះទឹក Renai (គេហៅជាទូទៅថា Second Thomas Shoal) មិនមានប្រវត្តិជាទឹកដីរបស់ប្រទេសនេះឡើយ។  

ក្រសួងការបរទេសចិននិយាយថា «ហ្វីលីពីនមិនមានមូលដ្ឋានផ្លូវច្បាប់ទាល់តែសោះដើម្បីទាមទារអធិបតេយ្យភាពលើកោះប៉ប្រះទឹកRenai ក្រោមហេតុផលថា កោះនេះនៅជិតនឹងទឹកដីហ្វីលីពីន»។ កោះ Second Thomas Shoal ដែលហ្វីលីពីនហៅ Ayungin Shoa ស្ថិតនៅចម្ងាយប្រមាណ ១៩០ គីឡូម៉ែត្រពីកោះប៉ាឡាវ៉ានរបស់ហ្វីលីពីន។

ក្រសួងបានបន្ថែមថា ហ្វីលីពីនត្រូវតែបញ្ឈប់ «ការបង្កហេតុ» និង«ការបង្កើតបញ្ហា» នៅសមុទ្រចិនខាងត្បូង ហើយចិននឹងបន្តធ្វើអ្វីដែលចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន។

ប្រតិកម្មរបស់ចិននាពេលនេះ ធ្វើឡើងបន្ទាប់ពីហ្វីលីពីនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បាននឹងកំពុងបញ្ជូនគ្រឿងផ្គត់ផ្គង់ផ្សេងៗរួមមានស្បៀងអាហារ ដល់កងទ័ពរបស់ខ្លួននៅបន្ទាយនៃកោះ Second Thomas Shoal ដែលជំរុញឱ្យឆ្មាំឆ្នេរសមុទ្រចិនដាក់ពង្រាយនាវាម្តងហើយម្តងទៀត ដើម្បីរារាំងបេសកកម្មផ្គត់ផ្គង់នោះ។

គួរបញ្ជាក់ថា ចិនទាមទារអធិបតេយ្យភាពសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល ដែលកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី ដែលបង្កជាភាពចម្រូងចម្រាស់ជាមួយប្រទេសទាំងនេះ។ តុលាការក្រុងឡាអេក្នុងឆ្នាំ ២០១៦ បាននិយាយថា ការទាមទាររបស់ចិនគ្មានមូលដ្ឋានច្បាស់លាស់ ហើយចាត់ទុកវាជាមោឃៈ ប៉ុន្តែចិនច្រានចោលការសម្រេចនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ