ដាកា៖ រោងចក្រកាត់ដេរប្រមាណ ១៥០កន្លែងដែលកំពុងមានដំណើរការនៅបង់ក្លាដែស ត្រូវបានបិទដោយគ្មានពេលកំណត់ ខណៈកម្មករប្រមាណ ១១,០០០នាក់ត្រូវបានឃាត់ខ្លួន ជុំវិញការធ្វើបាតុកម្មដោយហិង្សា ក្នុងការទាមទារការដំឡើងប្រាក់ឈ្នួលអប្បបរិមា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១២ វិច្ឆិកា ២០២៣។

មន្ដ្រីប៉ូលិសបង់ក្លាដែសបានបញ្ជាក់ថា រោងចក្រចំនួន ១៥០កន្លែងនៅក្នុងតំបន់ឧស្សាហកម្មនៃទីក្រុង Ashulia និង Gazipur ត្រូវបានបិទ ក្រោយមានបាតុកម្មដោយហិង្សានៅតំបន់ Tusuka ដែលមានកម្មករជាង ១៥,០០០នាក់ចូលរួមក្នុងបាតុកម្ម។ ម្ចាស់រោងចក្រភ័យខ្លាចថា បាតុកម្មទ្រង់ទ្រាយធំនេះ នឹងកាន់តែរីករាលដាលបន្ថែមទៀត។

ជាការឆ្លើយតបនឹងសំណើរបស់កម្មករ រដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលចំនួន ៥៦,២៥% ដែលស្មើនឹងប្រហែល ១១០ដុល្លារ។ យ៉ាងណាមិញ ក្រុមកម្មករពុំយល់ព្រម និងទាមទារឱ្យមានការដំឡើងដល់ ២១០ដុល្លារ។ ប្រទេសបង់ក្លាដែស មានរោងចក្រកាត់ដេរសរុប ៣,៥០០កន្លែង ដែលគ្របដណ្ដប់ ៨៥%នៃការនាំចេញប្រចាំឆ្នាំរបស់ខ្លួន ដែលស្មើនឹងទឹកប្រាក់ចំនួន ៥៥ពាន់លានដុល្លារ និងផ្គត់ផ្គង់ដល់ម៉ាកយីហោល្បីៗជាច្រើនលើពិភពលោក ដូចជា Levi’s, Zara និង H&M។ យ៉ាងណាមិញ ប្រាក់ឈ្នួលអប្បបរមាដែលកម្មករជាស្រ្ដីចំនួនប្រមាណ ៤លាននាក់ទទួលបាន គឺ៧៥ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ។

គួររំលឹកថា បាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលអប្បបរិមានេះ ផ្ទុះឡើងកាលពីខែមុន។ ប៉ូលីសបានបញ្ជាក់ថា មានកម្មករយ៉ាងតិចណាស់ចំនួន ៣នាក់បានស្លាប់ និងរោងចក្រជាង ៧០កន្លែងត្រូវបានបំផ្លាញ ចាប់តាំងពីបាតុកម្មបានផ្ទុះឡើង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ