ហ្គោម៉ា៖ កងកម្លាំងប្រចាំតំបន់សហគមន៍អាហ្វ្រិកខាងកើត (EAC) ចាប់ផ្តើមដកខ្លួនចេញពីសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់ពីរដ្ឋាភិបាលកុងហ្គោចាត់ទុកថា មិនមានប្រសិទ្ធភាព និងបានបដិសេធមិនបន្តអាណត្តិទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ ធ្នូ ២០២៣។
បន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅ កងកម្លាំងប្រចាំតំបន់សហគមន៍អាហ្វ្រិកខាងកើត (EAC) បានប្រកាសថា កុងហ្គោនឹងមិនបន្តអាណត្តិដាក់ពង្រាយកងកម្លាំងក្នុងតំបន់ លើសពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ឡើយ។
ក្រុមទីមួយនៃទាហានកេនយ៉ាប្រហែល ១០០នាក់មកពីកងកម្លាំងក្នុងតំបន់ ដែលរួមមានទាហានអ៊ូហ្គង់ដា ប៊ូរុនឌៀ និងស៊ូដង់ខាងត្បូងផងដែរ បានចាកចេញពីអាកាសយានដ្ឋានហ្គោម៉ា ឆ្ពោះទៅទីក្រុងណៃរ៉ូប៊ី។ ការចាកចេញនេះ កើតឡើងស្របពេលមានការប្រយុទ្ធគ្នានៅតែបន្តរវាងក្រុមឧទ្ទាម M23 និងកងទ័ពកុងហ្គោ ដែលគាំទ្រដោយកងជីវពលហៅខ្លួនឯងថា “អ្នកស្នេហាជាតិ”។
គួរបញ្ជាក់ថា កងកម្លាំងប្រចាំតំបន់សហគមន៍អាហ្វ្រិកខាងកើត (EAC) បានដាក់ពង្រាយកងទ័ពលើកដំបូងនៅកុងហ្គោ ជាប្រទេសដែលញាំញីដោយអំពើហិង្សាកាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីក្រុមឧទ្ទាម M23 កកើតឡើងវិញ។ នៅពេលនោះ អាជ្ញាធរកុងហ្គោបានអញ្ជើញ EAC ឱ្យដាក់ពង្រាយកងកម្លាំងរបស់ខ្លួន ដើម្បីរំដោះតំបន់ដែលកាន់កាប់ដោយពួកឧទ្ទាម។
ប៉ុន្តែអនាគតនៃការដាក់ពង្រាយកងកម្លាំងបានក្លាយជារឿងមន្ទិលសង្ស័យ បន្ទាប់ពីប្រធានាធិបតីកុងហ្គោ លោក Felix Tshisekedi បានចោទប្រកាន់កងកម្លាំង EAC ពីការចង់រួមរស់ជាមួយក្រុមឧទ្ទាម ជាជាងបង្ខំពួកគេឱ្យទម្លាក់អាវុធសុំចុះចាញ់៕