ព្រុចសែល៖ សហភាពអឺរ៉ុបចាប់ផ្តើមបេសកកម្មកងទ័ពជើងទឹកជាផ្លូវការ ដើម្បីការពារការដឹកជញ្ជូននៅសមុទ្រក្រហម បន្ទាប់ពីក្រុមហ៊ូទីបានបន្តការវាយប្រហារលើនាវាពាណិជ្ជកម្ម កាលពីថ្ងៃចន្ទ ដោយបានកំណត់គោលដៅលើនាវាផ្ទុកទំនិញចំនួនពីរគ្រឿង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២០ កុម្ភ: ២០២៣។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន បានប្រកាសពីការសម្រេចចិត្តដាក់ពង្រាយកងកម្លាំងជើងទឹក Naval Force Operation Aspides នៅលើបណ្តាញសង្គម X ថា អឺរ៉ុបនឹងធានានូវសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រក្រហម ដោយធ្វើការរួមគ្នាជាមួយនឹងដៃគូអន្តរជាតិរបស់យើង។ បេសកកម្មកងទ័ពជើងទឹកនេះ នឹងបញ្ជូននាវាចម្បាំងអឺរ៉ុប និងប្រព័ន្ធព្រមានជាមុន ទៅកាន់តំបន់សមុទ្រក្រហម ឈូងសមុទ្រ Aden និងដែនទឹកជុំវិញ។ រហូតមកទល់ពេលនេះ ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងប៊ែលហ្ស៊ិក បានចូលរួមក្នុងគំនិតផ្តួចផ្តើមមួយនេះ។

ក្រុមហ៊ុនសន្តិសុខដែនសមុទ្រអង់គ្លេស Ambrey បានឱ្យដឹងថា កប៉ាល់ជាកម្មសិទ្ធិរបស់អាមេរិក និងដោតទង់ជាតិក្រិក បានអំពាវនាវសុំជំនួយយោធាជាលើកដំបូង បន្ទាប់ពីរងការវាយប្រហារដោយមីស៊ីលក្នុងចម្ងាយជាង ១០០គីឡូម៉ែត្រក្នុងសមុទ្រខាងកើតនៃទីក្រុងកំពង់ផែ Aden របស់ប្រទេសយេម៉ែន។ បន្ទាប់មកក៏មានសេចក្តីរាយការណ៍ពីការវាយប្រហារជាលើកទី២ នៅប្រហែលជាពីរម៉ោងក្រោយមកផងដែរ។

នៅក្នុងថ្ងៃចន្ទសប្តាហ៍នេះដែរ ក្រុមសកម្មប្រយុទ្ធហ៊ូទីបានចេញមុខអះអាងពីការវាយប្រហារលើកប៉ាល់ Rubymar នៅច្រកសមុទ្រ Bab el-Mandeb ហើយបាននិយាយថា កប៉ាល់នេះអាចប្រឈមនឹងការលិចចូលសមុទ្រ។ ការអះអាងរបស់ក្រុមហ៊ូទីនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារចំនួន៥លើកនៅក្នុងប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលជាផ្នែកមួយនៃយុទ្ធនាការយោធារបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ឈប់ការរំខានការធ្វើពាណិជ្ជកម្ម ដែលកើតឡើងនៅទូទាំងសមុទ្រក្រហម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ