ជប៉ុនចំណាយគ្រាប់រំសេវជិត៦០តោនមានតម្លៃ៧.៦លានដុល្លារ ក្នុងសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ
តូក្យូ៖ កងកម្លាំងស្វ័យការពារជើងគោកជប៉ុន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់ខ្លួន ស្ថិតនៅជើងភ្នំហ្វូជី ភាគកណ្តាលប្រទេសជប៉ុន។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន NHK នៅថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៣។
កងទ័ពប្រហែល ២,៥០០នាក់ បានចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ នៅឯជំរុំហ្វឹកហាត់ Higashi-Fuji របស់កងកម្លាំងស្វ័យការពារជើងគោកជប៉ុន នៅក្នុងខេត្តស៊ីហ្ស៊ូអូកា។
គោលដៅសំខាន់របស់សមយុទ្ធនេះ គឺការត្រៀមខ្លួនទប់ទល់នឹងការឈ្លានពានមកលើកោះដាច់ស្រយាលណាមួយរបស់ប្រទេសជប៉ុន។ សមយុទ្ធបាញ់គ្រាប់ពិតនេះដែរ ពីមុនបានទាក់ទាញសាធារណៈជនទូទៅចូលរួមទស្សនាជាង ២០,០០០នាក់ជារៀងរាល់ឆ្នាំ។
ប៉ុន្តែការទស្សនាត្រូវបានលុបចោលក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ដោយសារតែជំងឺរាតត្បាតកូវីដ១៩។ គិតមកទល់ពេលនេះ កងកម្លាំងស្វ័យការពារជើងគោកជប៉ុន ពុំមិនទាន់សម្រេចចិត្តបើកឱ្យសាធារណៈជនចូលទស្សនាទេ បើទោះជាមានការបន្ធូរបន្ថយការរឹតបន្តឹងជំងឺរាតត្បាតក៏ដោយ។
គួរបញ្ជាក់ផងដែរថា សមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលក្រុមមន្ត្រីជប៉ុនបានលើកឡើងពីភាពតានតឹងកាន់តែខ្លាំងឡើង ពាក់ព័ន្ធនឹងស្ថានភាពសន្តិសុខ និងតម្រូវការសម្រាប់ការត្រៀមខ្លួនទប់ទល់ទុកជាមុន៕