អន្តរជាតិ៖ មន្ត្រីម្នាក់បាននិយាយបន្ទាប់ពីចុះពិនិត្យតំបន់ដែលត្រូវបានបំផ្លាញថា ក្រុមមន្ត្រីនៅប្រទេសលីប៊ីភាគខាងកើត បានស្រង់យកសាកសពជនរងគ្រោះជាង ១.០០០នាក់ ពីកម្ទេចកម្ទីនៅទីក្រុងឆ្នេរ ដែលបានជន់លិចដោយទឹកជំនន់ដ៏មហន្តរាយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី១៣ កញ្ញា ២០២៣។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ និយាយថា ចំនួនអ្នកស្លាប់ បានកើនលើសពី៥.៣០០នាក់ ដែលបានស្លាប់នៅក្នុងទីក្រុង Derna តែមួយដោយសារទឹកជំនន់វាយបោកបក់ដោយព្យុះ Daniel ពីសមុទ្រម៉េឌីទែរ៉ាណេ។
លោក Mohamed Aboulmosha មន្ត្រីប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបាននិយាយ និងអំពាវនាវឱ្យមាន "អន្តរាគមន៍អន្តរជាតិដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ" ថា "ក្រុមជួយសង្គ្រោះក្នុងតំបន់កំពុងបន្តស្វែងរកអ្នកបាត់ខ្លួន"។
ក្រុមប្រឹក្សាប្រធានាធិបតីលីប៊ី បានអំពាវនាវដល់ប្រទេសជាមិត្ត និងក្រុមជំនួយអន្តរជាតិ ឱ្យផ្តល់ជំនួយដល់តំបន់រងគ្រោះដោយទឹកជំនន់នៅតំបន់ភាគខាងកើត។ ទីក្រុង និងទីប្រជុំជនផ្សេងទៀតដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយកាលពីចុងសប្តាហ៍រួមមាន Benghazi, Bayda, Al Marj និង Soussa ។
យ៉ាងណាមិញ លោក Abdul Hamid Dbeibeh ប្រមុខរដ្ឋាភិបាលរួបរួមដែលមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលីរបស់ប្រទេសលីប៊ី បានប្រកាសគ្រប់តំបន់ដែលប្រឈមនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរថាជាតំបន់គ្រោះមហន្តរាយ ហើយបានប្រកាសពីការកាន់ទុក្ខជាតិរយៈពេលបីថ្ងៃ៕