មូស្គូ ៖ វិមានក្រឹមឡាំងនិយាយថា ខ្លួននឹងតាមឃ្លាំមើលសកម្មភាពរបស់លោក Donald Trump ដែលបានប្តេជ្ញាបញ្ចប់ជម្លោះអ៊ុយក្រែនយ៉ាងឆាប់រហ័ស បើសិនគាត់ក្លាយជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ វិចិ្ឆកា ២០២៤។

កន្លងមក លោក Trump ធ្លាប់បាននិយាយច្រើនលើកច្រើនសារថា គាត់នឹងបញ្ចប់ជម្លោះដែលបានចាប់ផ្តើមដោយវិមានក្រឹមឡាំងក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

យ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយយ៉ាងដូច្នេះថា យើងនឹងធ្វើការសន្និដ្ឋានដោយផ្អែកលើជំហានជាក់ស្តែង និងពាក្យសម្តីច្បាស់លាស់។

លោក Peskov បន្ថែមថា លោក Putin នៅមិនទាន់មានផែនការផ្ញើសារ អបអរសាទរ លោក Trump ទេ ដោយសារតែសហរដ្ឋអាមេរិក ត្រូវបានរុស្ស៊ីចាត់ទុកជាប្រទេសមិនរួសរាយរាក់ទាក់ ដែលកំពុងមានជម្លោះជាមួយ រុស្ស៊ី។

បើតាមការអះអាងរបស់រដ្ឋាភិបាលរុស្ស៊ី ខ្លួននឹងទទួលយកការដោះស្រាយជម្លោះក្នុងប្រទេសអ៊ុយក្រែន លុះត្រាតែទីក្រុងគៀវប្រគល់ទឹកដីរបស់ខ្លួនឱ្យទីក្រុងមូស្គូ។

យ៉ាងណាមិញ បន្ទាប់ពីលោក Trump ប្រកាសជ័យជម្នះ លោកបាននិយាយថា ជំហររបស់ខ្លួនលើអ៊ុយក្រែននឹងនៅដដែល ដើម្បីសម្រេចបាននូវគោលដៅ ដែលបានកំណត់ទាំងអស់នៅអ៊ុយក្រែន៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ