អន្តរជាតិ៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេព បូរ៉ែល បានព្រមាន ថា វិធានការផ្អាកផ្តល់មូលនិធិដល់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ ប្រចាំដែនដីប៉ាឡេស្ទីន (UNRWA) នឹងបង្កហានិភ័យធ្ងន់ធ្ងរដល់មនុស្សរាប់លាននាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃទី០៥ កុម្ភ: ២០២៣។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេព បូរ៉ែល និយាយថា មូលនិធិសរុបដែលត្រូវបានព្យួរក្នុងពេលបច្ចុប្បន្ននេះមានចំនួនច្រើនជាង ៤៤០លានដុល្លារ ឬប្រហែលពាក់កណ្តាលនៃមូលនិធិដែលរំពឹងទុករបស់ទីភ្នាក់ងារ UNRWA សម្រាប់ឆ្នាំ ២០២៤។ 

លោក បូរ៉ែល ក៏បានព្រមានផងដែរថា ការផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារនេះ នឹងធ្វើឱ្យមនុស្សរាប់សែននាក់ប្រឈមមុខនឹងហានិភ័យ។ UNRWA គឺជាចំណុចកណ្តាល ក្នុងការផ្តល់ជំនួយដ៏សំខាន់ដល់ប្រជាជនជាង ១.១លាននាក់នៅហ្គាហ្សា ដែលទទួលរងគ្រោះអត់ឃ្លានដ៏មហន្តរាយ និងការផ្ទុះឡើងនៃជំងឺនានា។

ការអត្ថាធិប្បាយរបស់លោក បូរ៉ែល នាពេលនេះ ធ្វើឡើងបន្ទាប់ពីប្រទេសម្ចាស់ជំនួយធំៗចំនួន៩ បានផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារមួយនេះ ក្រោយលេចលឺដំណឹងថា មានបុគ្គលិកមួយចំនួនជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្មីៗនេះក៏បានប្តេជ្ញាដែរថា នឹងទទួលខុសត្រូវ ក្នុងករណីដែលបុគ្គលិករបស់ UN ណាមួយ មានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម ប៉ុន្តែទទូចដល់រដ្ឋាភិបាលនានា ឲ្យបន្តគាំទ្រដល់ទីភ្នាក់ងារ UNRWAដដែល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ