អឺរ៉ុបផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ជិត២៩ពាន់លានដុល្លារអាមេរិកហើយ
ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា អឺរ៉ុបបានផ្តល់ជំនួយយោធាដោយផ្ទាល់ ដល់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ២៧ពាន់លានអឺរ៉ូ ស្មើនឹងជិត២៩ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំមុនមក។ លោកបានអះអាងថា នេះគឺជាទំហំជំនួយខ្ពស់បំផុត មិនធ្លាប់មាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី ១៤ វិច្ឆិកា ២០២៣។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំរបស់សហភាពអឺរ៉ុប (EU) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក លោក Borrell បានគូសបញ្ជាក់សង្កត់ធ្ងន់ថា ទោះបីជាមានអំពើហិង្សាកើតឡើងជាថ្មី នៅមជ្ឈិមបូព៌ាក៏ដោយ ក៏បណ្តារដ្ឋជាសមាជិករបស់សហភាពអឺរ៉ុបមិនគួរ «ភ្លេចអំពីអ៊ុយក្រែនទេ» ។
លោក Borrell បានបន្តថា «ការគាំទ្ររបស់យើងកំពុងកើនឡើង ..ខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាថា វាបានឈានដល់កម្រិត ២៧ ពាន់លានអឺរ៉ូ នៃការគាំទ្រផ្នែកយោធា»។ លោកបានបន្ថែមទៀតថា «វាគឺជាតួលេខខ្ពស់បំផុតដែលមិនធ្លាប់មាន..យើងបន្តបណ្តុះបណ្តាលទាហានអ៊ុយក្រែន ហើយ យើងបន្តនៅពីក្រោយអ៊ុយក្រែន» ។
យ៉ាងណាមិញ ខណៈពេលសហភាពអឺរ៉ុប គ្រោងនឹងពិភាក្សាអំពីជំនួយបន្ថែមដល់អ៊ុយក្រែន ក៏មាន ប្រទេសជាសមាជិកមួយចំនួនត្រូវបានគេរាយការណ៍ថា បានជំទាស់នឹងផែនការនេះ៕