ក្រុងគៀវ៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Zelensky ទទួលបានលិខិតអនុសាសន៍ (recommendation) របស់សហភាពអឺរ៉ុប សម្រាប់ការចរចាសមាជិកភាពអ៊ុយក្រែន ជាផ្លូវការ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ០៩ វិច្ឆិកា ២០២៣។

ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំប្រទេសអ៊ុយក្រែន លោកស្រី Katarina Maternova បានប្រគល់របាយការណ៍នៃអនុសាសន៍(recommendation) របស់គណៈកម្មការអឺរ៉ុប ដើម្បីបើកកិច្ចចរចាសមាជិកភាពផ្លូវការ ជាមួយអ៊ុយក្រែន ជូនដល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ។

ក្នុងពិធីទទួលលិខិតអនុសាសន៍ នាឱកាសនោះ លោក Zelensky បានជម្រាបប្រាប់ លោកស្រី Katarina Maternova ជាមួយនឹងការរំពឹងទុក នៃសមាជិកភាពនៃប្លុកអឺរ៉ុបថា «សម្រាប់ពួកយើង វាគឺជាការជំរុញដ៏ធំមួយសម្រាប់អនាគតរបស់យើង»។

លោក Zelensky ក៏បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនគេស្គាល់ថា Twitter ថា «នេះគឺជាជំហានដ៏រឹងមាំ និងជាប្រវត្តិសាស្ត្រដែលត្រួសត្រាយផ្លូវទៅកាន់សហភាពអឺរ៉ុបដ៏រឹងមាំ ជាមួយអ៊ុយក្រែន ក្នុងនាមជាសមាជិករបស់ខ្លួន» ។

លោក Zelensky បានឲ្យដឹងទៀតថា រដ្ឋបាល Kiev ទន្ទឹងរង់ចាំការសម្រេចចិត្តរបស់ក្រុមប្រឹក្សាអឺរ៉ុប នៅក្នុងខែធ្នូ ខាងមុខនេះ ថាតើត្រូវចាប់ផ្តើមកិច្ចចរចាសមាជិកភាព ជាមួយអ៊ុយក្រែន ឬក៏យ៉ាងណា។

គួរបញ្ជាក់ថា អ៊ុយក្រែនត្រូវបានទទួលយក ជាបេក្ខភាពសម្រាប់ក្លាយជាសមាជិកភាពសហភាពអឺរ៉ុប ក្នុងខែមិថុនា ឆ្នាំ ២០២២។ គណៈកម្មការអឺរ៉ុបបានដាក់ចេញនូវវិធានការចំនួន ៧ចំណុចទៅកាន់អ៊ុយក្រែន រួមមមានការលុបបំបាត់អំពើពុករលួយ និងកំណែទម្រង់ផ្នែកច្បាប់របស់ប្រទេសនេះផងដែរ។ អ៊ុយក្រែនបានព្យាយាមលុបបំបាត់អំពើពុករលួយក្នុងស្ថាប័នរបស់ខ្លួន ទៅតាមអ្វីដែលសហភាពអឺរ៉ុប និងប្រទេសជាសម្ព័ន្ធមិត្តតំរូវ។ ក្នុងអន្តរកាលនេះ លោក Zelensky បានសង្កត់ធ្ងន់ថា ដំណើរការកំណែទម្រង់ក្នុងប្រទេសអ៊ុយក្រែន នៅតែបន្តធ្វើបន្ថែមទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ