ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក ចូសេប បូរែល បានជំរុញឱ្យប្រញាប់ចែកចាយជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សា និងថា ប្លុកនេះនឹងជជែកពីការអំពាវនាវឱ្យមានបទឈប់បាញ់ ក្នុងជម្លោះអ៊ីស្រាអែល និងហាម៉ាស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២៤ តុលា ២០២៣។

លោក បូរែល បាននិយាយនៅមុនកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបថា អ្វីដែលសំខាន់ គឺការផ្តល់ជំនួយឱ្យកាន់តែលឿន ជាពិសេស ការស្តារឡើងវិញនូវការផ្គត់ផ្គង់ទឹក និងអគ្គិសនី។ លោក បូរែល បន្តថា ឡានដឹកជំនួយមនុស្សធម៌រាប់សិបគ្រឿង ដែលអេហ្ស៊ីបអនុញ្ញាតឱ្យឆ្លងចូលទៅក្នុងតំបន់ហ្កាហ្សា គឺ “មិនគ្រប់គ្រាន់ទេ” ហើយថា ប្រេងឥន្ធនៈសម្រាប់ផលិតថាមពល និងទឹកបរិភោគ គឺរឿងចាំបាច់បំផុត។

លោក បូរែល បន្ថែមថា ក្រុមរដ្ឋមន្ត្រីសហភាពអឺរ៉ុបនឹងពិភាក្សាអំពីការហៅទូរស័ព្ទពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនី ហ្គូទែរេស សម្រាប់ “បទឈប់បាញ់មនុស្សធម៌” ហើយបញ្ហានេះនឹងមាននៅលើតុក្នុងកិច្ចប្រជុំកំពូលមេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ទី២៦ ខែតុលា ឆ្នាំ២០២៣។

លោក បូរែល បានសង្កត់ធ្ងន់ទៀតថា ការវាយប្រហារដោយមីស៊ីល និងរ៉ុក្កែតពីក្រុមហាម៉ាស ចេញពីហ្កាហ្សាត្រូវតែបញ្ឈប់ ហើយចំណាប់ខ្មាំងដែលត្រូវបានចាប់ពង្រត់ត្រូវតែដោះលែង វាគឺជាផ្នែកមួយនៃការបោះជំហានឆ្ពោះទៅរកការកាត់បន្ថយការកើនឡើងភាពតានតឹង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ