អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី អ៊ែនណាឡេណា ប៊ែរបកបានសាទរចំពោះកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ដែលទើបចុះហត្ថលេខានាពេលថ្មីៗនេះក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ដើម្បីផ្ទេរគ្រាប់ធញ្ញជាតិអ៊ុយក្រែនទៅកាន់ទីផ្សារពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី ៣០ កក្កដា ២០២២។
លោកស្រី ប៊ែរបក បានសរសើរនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្រ្តីការបរទេសតួកគីលោក ម៉េវលុត ខាវូសូគ្លូ ថា តួកគីសម្រេចបានសមិទ្ធិផលដ៏ធំមួយ ហើយថា អ្នកបានគ្រប់គ្រងដើម្បីផ្តល់ក្តីសង្ឃឹមដ៏ភ្លឺស្វាងដល់ប្រជាជនដែលកំពុងប្រឈមមុខនឹងភាពអត់ឃ្លាន។
ដំណើរទស្សនកិច្ចនៅតំបន់មេឌីទែរ៉ាណេរបស់លោកស្រី ប៊ែរបក ដែលរួមមានក្រិក និងតួកគី បានស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការ និងការសន្ទនានៅក្នុងតំបន់ដែលកំពុងប្រឈមនឹងភាពតានតឹងកើនឡើង ដោយសារតែវិបត្តិជនភៀសខ្លួនពិភពលោក និងជម្លោះព្រំដែន។
យោងតាមរបាយការណ៍បានឱ្យដឹងថា ស្ថានភាពនៅអ៊ុយក្រែន និងស៊ីរី បញ្ហាអង្គការណាតូ និងវិបត្តិជនភៀសខ្លួនបានស្ថិតក្នុងចំណោមរបៀបវារៈដែលត្រូវបានពិភាក្សាដោយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់។
ទោះបីជាមានវិវាទមួយចំនួនក៏ដោយ ក៏អាល្លឺម៉ង់-តួកគីមានប្រពៃណីដ៏យូរលង់នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ។ ជាក់ស្តែងទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីមានទឹកប្រាក់ ៤១,១ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ៕ RT