អ៊ីរ៉ង់ និងរុស្ស៊ីចុះកិច្ចព្រមព្រៀងមានតម្លៃ ៣០០លានដុល្លារ សម្រាប់ការនាំចេញរថយន្តអ៊ីរ៉ង់ចូលទីផ្សាររុស្ស៊ី
តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ដែលមានតម្លៃ ៣០០លានដុល្លារអាមេរិកជាមួយនឹងរុស្ស៊ី សម្រាប់ការនាំចេញរថយន្តទៅកាន់ប្រទេសរុស្ស៊ី។ នេះបើយោងតាមការចុះដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី២៩ វិច្ឆិកា ២០២២។
លោក Mohammadreza Najafi-Manesh ប្រធានសមាគមឧស្សាហកម្ម និងក្រុមហ៊ុនផលិតគ្រឿងបន្លាស់ ដែលបាននិយាយថា ប្រទេសរុស្ស៊ី គឺជាអតិថិជនមួយក្នុងចំណោមអតិថិជនរបស់រថយន្តអ៊ីរ៉ង់។ លោកថា អ៊ីរ៉ង់ក៏បាននាំចេញរថយន្តប្រហែល ១,០០០គ្រឿងទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡាផងដែរ និងថា ការបញ្ជាទិញបន្ថែមទៀតពីប្រទេសនៅអាមេរិកខាងត្បូងត្រូវបានគេរំពឹងទុកនៅពេលអនាគត ។
លោកបន្ថែមទៀតថា កន្លងមក អ៊ីរ៉ង់ក៏បាននាំចេញរថយន្តទៅកាន់ប្រទេសអាមេនី និងអាហ្សែបៃហ្សង់ផងដែរ។ ប៉ុន្តែរុស្ស៊ី និងវ៉េណេស៊ុយអេឡា គឺជាទីផ្សារ “ល្អ” ចំនួនពីរសម្រាប់រថយន្តអ៊ីរ៉ង់ ហើយថា អ៊ីរ៉ង់នឹងអាចសម្រេចបាននូវស្ថានភាពជាសកលដ៏អំណោយផល ក្នុងការនាំចេញរថយន្ត នៅពេលដែលការចុះអនុស្សរណៈគ្នានេះត្រូវបានរួចរាល់ ៕