វ៉ាស៊ីនតោន៖ ក្រោយពេលកម្លាំងភ្នាក់ងារ FBI បានរកឃើញឯកសារសម្ងាត់បំផុត ចេញពីគេហដ្ឋានម៉ា-អា-ឡាហ្គោ (Mar-a-Lago) របស់លោក ដូណាល់ ត្រាំ (Donald Trump) នោះមក ចៅក្រមសហព័ន្ធន៍ (សហពន្ធន៍) បានចេញដីកាស្វែងរកជាសាធារណៈ ចំពេលមានការចោទប្រកាន់ ពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លើកឡើងថា ការស៊ើបអង្កេតនេះ មានហេតុផលខាងនយោបាយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន PBS នៅថ្ងៃទី១៣ សីហា ២០២២។
បើតាមឯកសាររបស់តុលាការ បានចេញផ្សាយ កាលពីថ្ងៃសុក្រ បន្ទាប់ពីចៅក្រមសហព័ន្ធន៍ បានបិទដីកាអនុញ្ញាតឱ្យមានការស្វែងរក មិនធ្លាប់មានពីមុនមក នៅក្នុងសប្តាហ៍នេះ បានឲ្យដឹងថា ការិយាល័យស៊ើបការណ៍សម្ងាត់សហព័ន្ធន៍ ហៅកាត់ FBI បានរកឃើញឯកសារសម្ងាត់បំផុត ដែលគេបានដាក់ស្លាកថា «Top Secret» យកចេញពីគេហដ្ឋាន Mar-a-Lago របស់លោក ដូណាល់ ត្រាំ (Donald Trump) អតីតប្រធានធិបតីសហរដ្ឋអាមេរិក ស្ថិតក្នុងរដ្ឋផ្លរីដា (Florida)។
បង្កាន់ដៃអចលនទ្រព្យ ដែលមិនបានបិទត្រា ពីតុលាការ បង្ហាញថា ភ្នាក់ងារ FBI បានយកកំណត់ត្រា ចាត់ថ្នាក់ចំនួន១១ ចេញពីអចលនទ្រព្យរបស់លោក ដូណាល់ ត្រាំ នៅក្នុងអំឡុងពេលស្វែងរក កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។
កំណត់ត្រាដែលរឹបអូសបាន រួមមាន មួយចំនួនត្រូវបានសម្គាល់ថា ជាព័ត៌មានសម្ងាត់បំផុត និង ជា «ព័ត៌មានមានលក្ខណៈរសើប» ជាប្រភេទពិសេស សំដៅលើកិច្ចការពារអាថ៌កំបាំងដ៏សំខាន់បំផុតរបស់ប្រទេស ប្រសិនបើឯកសារនោះ ត្រូវបានបង្ហាញជាសាធារណៈ នឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា កំណត់ត្រារបស់តុលាការ មិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់ អំពីឯកសារ ឬព័ត៌មាន អ្វីដែលពួកគេមាននោះឡើយ។
ដីកានោះ បានបង្ហាញយ៉ាងច្បាស់ថា ភ្នាក់ងារសហព័ន្ធន៍ កំពុងតែស៊ើបអង្កេត លើការរំលោភបំពាន លើច្បាប់សហព័ន្ធន៍ ចំនួន៣ផ្សេងគ្នា រួមទាំង គ្រប់គ្រងលើការប្រមូលផ្តុំ ការបញ្ជូន ឬ ការបាត់បង់ព័ត៌មានការពារជាតិ ក្រោមច្បាប់ចារកម្ម។ រីឯលក្ខន្តិកៈផ្សេងៗទៀតនិយាយ អំពីការលាក់បាំង ការបំផ្លិចបំផ្លាញ ឬការដកចេញនូវកំណត់ត្រា និង ការបំផ្លាញ ការផ្លាស់ប្តូរ ឬការក្លែងបន្លំកំណត់ត្រា នៅក្នុងការស៊ើបអង្កេតរបស់សហព័ន្ធន៍។
ដោយឡែក លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីព្រឹក ថ្ងៃសុក្រ ថា ឯកសារដែលរឹបអូស ដោយភ្នាក់ងារត្រូវបាន «មិនចាត់ថ្នាក់ទាំងអស់» ហើយគាត់បានប្រកែកថា គាត់នឹងប្រគល់ឯកសារទាំងនោះ ទៅឱ្យក្រសួងយុត្តិធម៌ ប្រសិនបើត្រូវបានចោទសួរ»៕