ថៃ៖ កងទ័ពជើងទឹកថៃបានឲ្យដឹងថា សាកសពនាវិក ៣នាក់ទៀតត្រូវបានទាញចេញពីទឹក ក្រោយឧបទ្ទវហេតុលិចនាវាចម្បាំង នៅឯឈូងសមុទ្រថៃ កាលពីមួយសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៦ ធ្នូ ២០២២។
ជាមួយការរកឃើញនេះ នាំឲ្យចំនួនសាកសពដែលបានរកឃើញរហូតមកទល់ពេលនេះ មានចំនួន១៨នាក់ហើយ ខណៈនាវិកចំនួន១១នាក់ទៀតបន្តបាត់ខ្លួននៅឡើយ។
គួរបញ្ជាក់ថា នាវាចម្បាំងធុនតូច ឈ្មោះ អេកធីអឹមអេស សុខោទ័យ (HTMS Sukhothai)ដែលមានផ្ទុកនាវិកសរុប១០៥នាក់ បានជួបបញ្ហាគាំងគ្រឿងម៉ាស៉ីនកាលពីថ្ងៃទី ១៨ ខែធ្នូ ហើយលិចនៅចម្ងាយខ្ទង់ ៣៧គីឡូម៉ែត្រពីខេត្តប្រជួបគីរីខន្ធ (Prachuap Khiri Khan) ភាគខាងត្បូងប្រទេសថៃកំលុងពេលមានព្យុះបោកបក់ខ្លាំង។
ជាមួយប្រតិបត្តិការចល័តនាវា យន្តហោះ និងឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿង សម្រាប់ប្រតិបត្តិការរុករកនិងជួយសង្រ្គោះ យោធាថៃអាចទាញនាវិក ៧៦នាក់បានរួចរស់ជីវិតពីរលក ៕