មូស្គូ៖ រដ្ឋាភិបាលរុស្ស៊ីប្រកាសថា ប្រទេសរបស់ខ្លួននឹងផ្អាកការនាំចេញអង្ករជាបណ្តោះអាសន្ន រហូតដល់ដំណាច់ឆ្នាំ ២០២៣នេះ ដើម្បីទុកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី៣១ កក្កដា ២០២៣។

រដ្ឋាភិបាលរុស្ស៊ីបានប្រកាសដាក់បម្រាមបណ្តោះអាសន្ន លើការនាំចេញអង្ករ។ ការរឹតបន្តឹងនេះនឹងចូលជាធរមានគិតចាប់ពីថ្ងៃប្រកាស រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល ដែលបានបង្ហោះនៅលើបណ្តាញសង្គមតេលេក្រាម។

ការសម្រេចចិត្តរបស់រុស្ស៊ីខាងលើ ធ្វើឡើងក្នុងគោលបំណងរក្សាស្ថិរភាពអង្ករនៅលើទីផ្សារក្នុងស្រុក។ ប៉ុន្តែការហាមប្រាមនេះ បានលើកលែងដល់សមាជិកផ្សេងទៀតនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ក្នុងនោះមានអាមេនី, បេឡារុស, កាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន ឬអូសេទីខាងត្បូង និងអាប់ខាហ្ស៊ី។ ជាងនេះទៅទៀត អង្ករនៅតែអាចដឹកជញ្ជូនទៅក្រៅប្រទេសសម្រាប់ជំនួយមនុស្សធម៌ ឬឆ្លងកាត់ទឹកដីរបស់ប្រទេសរុស្ស៊ី។

សូមរម្លឹកថា កាលពីដើមសប្តាហ៍មុន ឥណ្ឌាដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតរបស់ពិភពលោក បានអនុម័តវិធានការស្រដៀងគ្នានេះដែរ ដោយហាមឃាត់ការលក់អង្ករទៅក្រៅប្រទេស។ ទន្ទឹមគ្នា រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ការសម្រេចចិត្តបែបនេះ នឹងធានាដល់ការផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់ ក៏ដូចជាកាត់បន្ថយការកើនឡើងតម្លៃនៅក្នុងទីផ្សារក្នុងស្រុក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ