(ថៃ)៖ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១២ ខែកម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលថៃ បាននិយាយថា ប្រជាជននៅក្នុងខេត្តចំនួន ១០ នៃប្រទេសថៃ នឹងត្រូវទទួលបានការចាក់វ៉ាក់សាំង Sinovac ផលិតដោយប្រទេសចិន។ 

លោក Sophon Mekhathon ជំនួយការរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៃប្រទេសថៃ បានគូសបញ្ជាក់ថា អ្នកដែលនឹងទទួលបានការចាក់វ៉ាក់សាំង នៅចុងខែនេះរហូតដល់ខែមេសា រួមមានដូចជាបុគ្គលិកពេទ្យ អ្នកដែលមានជំងឺរ៉ាំរ៉ៃមួយចំនួន និងអ្នកដែលមានអាយុលើស ៦០ឆ្នាំ។

លោក Sophon បានសង្កត់ធ្ងន់ថា វ៉ាក់សាំង Sinovac សរុបចំនួន ២លានដូស នឹងត្រូវបានប្រើប្រាស់សម្រាប់ប្រជាជននៅក្នុងខេត្តចំនួន ១០ ដែលមានករណីឆ្លងក្នុងស្រុក ច្រើនជាងគេបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២០មក។

ក្នុងចំណោមខេត្តទាំង ១០ នោះ ខេត្តសាមុតសាខុន នឹងត្រូវផ្តល់ឲ្យចំនួន ៨២០,០០០ដូសតែឯង ហើយរាជធានីបាងកកចំនួន ៨០០,០០០ដូស និងខេត្តតាក(Tak) ចំនួន ១៦០.០០០ដូស។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ថៃបានកត់ត្រាករណីឆ្លងនៃចំនួន COVID-19 ចំនួន ២៤,២៧៩ករណី នៅទូទាំងប្រទេស ក្នុងនោះស្លាប់ ៨០នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ