វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិកព្រមានថា កូរ៉េខាងជើងទំនងជានឹងបន្តការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយសាជាថ្មីទៀតនៅឆ្នាំ ២០២២។ ទីភ្នាក់ងារចារកម្មការពារជាតិ ដែលជាអង្គភាពស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអាមេរិក បានចេញរបាយការណ៍មួយដែលពិនិត្យទៅលើស្ថានភាពបច្ចុប្បន្ននៃអំណាចយោធារបស់កូរ៉េខាងជើង រួមទាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារ NHK នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ៕

របាយការណ៍នេះនិយាយថា មេដឹកនាំកូរ៉េខាងជើងចាត់ទុកអាវុធនុយក្លេអ៊ែរមានសារៈសំខាន់ចំពោះការរស់រានមានជីវិតនៃរបបដឹកនាំរបស់ខ្លួន ហើយវាអាចទៅរួច ដែលយើងអាចឃើញការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយនៅឆ្នាំក្រោយ។ របាយការណ៍បន្ថែមថា កូរ៉េខាងជើងក៏នឹងធ្វើការកែលំអរមីស៊ីលផ្លោងថ្មីដែលមានកម្លាំងខ្លាំងក្លាជាងមុនរបស់ខ្លួនផងដែរ ដែលអាចត្រៀមខ្លួនសម្រាប់ការបាញ់បង្ហោះបានលឿនជាងមីស៊ីលប្រភេទមុនៗ។

យ៉ាងណាមិញ របាយការណ៍ខាងលើនេះមិនបានបញ្ជាក់ច្បាស់អំពីមូលដ្ឋានណាមួយដែលសន្មត់ថា មានលទ្ធភាពបាញ់សាកល្បងនាពេលខាងមុខនោះទេ។ កូរ៉េខាងជើងបានប្រកាសផ្អាកការធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ICBM ជាឯកតោភាគីនៅឆ្នាំ ២០១៨ មុនកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រលើកដំបូងរវាងមេដឹកនាំលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ 

គួរបញ្ជាក់ថា នៅក្នុងខែមករា លោក គីម បានប្រកាសពីផែនការដើម្បីបង្កើនកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសខ្លួន។ ជាក់ស្តែងកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងមីស៊ីលប្រភេទថ្មីជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ