អ៊ីរ៉ង់ទទួលជោគជ័យក្នុងការសាកល្បងប្រព័ន្ធការពារដែនអាកាសថ្មី ក្នុងអំឡុងធ្វើសមយុទ្ធទ្រង់ទ្រាយធំ
តេហេរ៉ង់៖ យោធាអ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានធ្វើតេស្តដោយជោគជ័យនូវប្រព័ន្ធការពារប្រឆាំងមីស៊ីលសម្រាប់ទីតាំងរសើបៗ ក្នុងអំឡុងសមយុទ្ធនៅភាគកណ្តាលប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានការព្រមានពីអ៊ីស្រាអែល និងអាមេរិកអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារ ស៊ីនហួរ ៕
លោកឧត្តមសេនីយ៍ អាមៀរ កាដឺ រ៉ាហ៊ីមហ្សាដេ ជាមេបញ្ជាការមូលដ្ឋានទ័ពអាកាសអ៊ីរ៉ង់និយាយថា កាលពី ១៥ ឆ្នាំមុន យើងមិនមានសមត្ថភាពបែបនេះទេហើយយើងពឹងផ្អែកលើឧបករណ៍បរទេសសម្រាប់ប្រព័ន្ធរ៉ាដា ការបញ្ជា និងការគ្រប់គ្រង ព្រមទាំងប្រព័ន្ធមីស៊ីលបាញ់ចេញពីដីទៅអាកាស… ឥឡូវនេះឧបករណ៍ទាំងអស់ដែលប្រើក្នុងសមយុទ្ធប្រចាំឆ្នាំត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ផ្ទាល់។ សមយុទ្ធទ្រង់ទ្រាយធំដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានរួមបញ្ចូលប្រព័ន្ធការពារអាកាស “Majid” របស់កងទ័ពជើងគោក ជាមួយប្រព័ន្ធ “Dezful” នៃកងឆ្មាំបដិវត្តន៍វរជន ដើម្បីបំផ្លាញមីស៊ីលបញ្ជាទិសដែលកំពុងហោះចូលមក។
សមយុទ្ធនៅទីនោះបានកើតឡើងមុនដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ដែលរំពឹងទុកកាលថ្ងៃព្រហស្បតិ៍ ដោយបេសកជនសហភាពអឺរ៉ុបម្នាក់ដើម្បីសម្របសម្រួលកិច្ចពិភាក្សាស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរពោរពេញដោយបញ្ហាឡើងវិញរវាងទីក្រុងតេហេរ៉ង់ និងប្រទេសមហាអំណាច រួមទាំងសហរដ្ឋអាមេរិក៕