អន្តរជាតិ៖ ប្រទេសកូរ៉េខាងជើង បានសាកល្បងមីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រថ្មីរបស់ខ្លួនជាលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍កាលពីថ្ងៃអាទិត្យ ដោយបានហៅវាថាជាមីស៊ីលតម្រង់គោលដៅដែលបាញ់ចេញពីនាវាមុជទឹក (SLCM) ដែលជាការបង្កើនល្បឿននៃអាវុធនុយក្លេអ៊ែររបស់កងទ័ពជើងទឹករបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ មករា ២០២៤។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការសាកល្បងមីស៊ីលនេះ ដែលមានឈ្មោះថា «ភូលវ៉ាសាល-៣-៣១» (Pulhwasal-3-31) ដែលមានលក្ខណៈដូចគ្នាបេះបិទទៅនឹងមីស៊ីលតម្រង់គោលដៅ ដែលកូរ៉េខាងជើងបាននិយាយកាលពីសប្តាហ៍មុនថា កំពុងស្ថិតក្រោមការអភិវឌ្ឍន៍។

លោក គីម បានហៅការសាកល្បងនេះថាជាភាពជោគជ័យមួយ «ដែលមានសារៈសំខាន់ជាយុទ្ធសាស្រ្តក្នុងការអនុវត្តផែនការសម្រាប់ការធ្វើទំនើបកម្មកងទ័ព ដែលមានបំណងកសាងកម្លាំងទ័ពជើងទឹកដ៏មានឥទ្ធិពល»។ យោធាកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអាទិត្យថា កូរ៉េខាងជើង បានបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ចេញពីឆ្នេរសមុទ្ររបស់ខ្លួន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។

កាលពីសប្តាហ៍មុន កូរ៉េខាងជើងបាននិយាយថា ខ្លួនបានសាកល្បងមីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រថ្មីមួយ ដោយបង្ហាញថាវាត្រូវបានរចនាឡើងដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ប៉ុន្តែនៅពេលនោះមិនបាននិយាយពីថាមីស៊ីលនេះកំពុងត្រូវបានបង្កើតឡើងសម្រាប់ការបាញ់បង្ហោះពីនាវាមុជទឹកនោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ