អន្តរជាតិ៖ ប្រទេស ប៊ូរុនឌី នឹងដាក់ពង្រាយកងទ័ព ទៅកាន់តំបន់ភាគខាងកើត នៃប្រទេស កុងហ្គោ ជួយប្រឆាំងនឹងក្រុមឧទ្ទាម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ មីនា ២០២៣។
ប្រទេស ប៊ូរុនឌី នឹងដាក់ពង្រាយទាហាន១០០ នាក់ ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នាភាគខាងកើត ជាតំបន់ងាយនឹងកើតមានសកម្មភាពក្រុមឧទ្ទាម ជាផ្នែកនៃកងកម្លាំងក្នុងតំបន់។
សហគមន៍អាហ្រ្វិកខាងកើត ដែលមានប្រទេសចំនួនប្រាំពីរ បានដាក់ពង្រាយទាហាន កាលពីចុងឆ្នាំមុន នៅភាគខាងកើត ប្រទេសកុងហ្គោ ដែលកំពុងតស៊ូជាមួយនឹងការកើនឡើងនៃកងជីវពលរួមទាំងចលនាឧទ្ទាម ដែលគេស្គាល់ថា ក្រុម«២៣ មីនា»។
ការប្រយុទ្ធគ្នានៅក្នុងខេត្ត ន័រ គីវូ (North Kivu) បានជម្លៀសប្រជាជនយ៉ាងច្រើន និងធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង ដោយរដ្ឋាភិបាល កុងហ្គោ បានចោទប្រកាន់ប្រទេស រវ៉ាន់ដា (Rwanda) ថាបានគាំទ្រ ក្រុម«២៣ មីនា» ប៉ុន្តែ ការអះអាងនេះ ត្រូវបានបដិសេធដោយប្រទេសរវ៉ាន់ដា បើទោះបីជាការចោទប្រកាន់នោះត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួន។
គួរបញ្ជាក់ថា កងជីវពលបានងើបឡើងវិញពីភាពស្ងប់ស្ងាត់នៅចុងឆ្នាំ ២០២១ ដោយបន្តកាន់កាប់ទឹកដីជាច្រើននៅតំបន់ ន័រ គីវូ រួមទាំងតំបន់ភាគច្រើននៅភាគខាងជើងនៃ ក្រុងសំខាន់ ហ្គោម៉ា (Goma) ទៀតផង៕