វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ពង្រាយកងយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ ចំនួន៤គ្រឿង រួមជាមួយនឹងកងទ័ពអាកាសជាច្រើននាក់ ទៅកាន់តំបន់ប៉ាស៊ីហ្វិក ស្របពេលចិន បានបញ្ចេញនាវាមុជទឹក ទៅកាន់សមុទ្រ ហើយសកម្មភាពយោធាបែបនេះហាក់បីដូចជា ក្រុងវ៉ាស៊ីនតោន កំពុងតែត្រៀមលក្ខណៈ ទប់ទល់នឹងសកម្មភាពណាមួយរបស់ក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Air Force នៅថ្ងៃទី ០៥ មេសា ២០២៣។

មន្ទីរបញ្ចកោណ បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ ប្រភេទ B-52 ចំនួន៤គ្រឿង និង កងទ័ពអាកាស ជាង២០០នាក់ ចេញពីមូលដ្ឋានកងទ័ពអាកាសបាកស្ដេល (Barksdale) ស្ថិតក្នុងរដ្ឋលូស៊ាណា (Louisiana) នាភាគអាគ្នេយ៍ សហរដ្ឋអាមេរិក ទៅកាន់មូលដ្ឋានកងទ័ពអាកាសអានឌ័រសេន (Andersen) របស់ខ្លួន នៅលើកោះហ្គាំ (Guam) ស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិក កាលពីថ្ងៃទី៣០ ខែមីនា។ សកម្មភាពយោធារបស់ក្រុងវ៉ាស៊ីនតោន កំពុងតែបង្ហាញ អំពីការចាប់ផ្តើមការដាក់ពង្រាយកងយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដចុងក្រោយបង្អស់ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក ប្រចាំនៅតំបន់ប៉ាស៊ីហ្វិក បានប្រកាស នៅក្នុងការចេញផ្សាយព័ត៌មានមួយ ថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ B-52 អាចហោះហើរ ចម្ងាយជាង ១៤ ០០០គីឡូម៉ែត្រ នៅក្នុងល្បឿន ១០៤៧គីឡូម៉ែត្រក្នុង១ម៉ោង ហើយកងទ័ពអាកាសទាំងនោះ នឹងក្លាយជាផ្នែកមួយ សម្រាប់ក្រុមបេសកកម្មយន្ដហោះទម្លាក់គ្រាប់បែកទី៩៦។ 

ចំណែកការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B-52 នេះ នឹងធ្វើឲ្យកងទ័ពអាកាសទាំងនោះ ចូលរួម នៅក្នុងសមយុទ្ធហ្វឹកហ្វឺន និង បំពេញបេសកកម្ម រួមជាមួយនឹងសេវាកម្មផ្សេងៗទៀត រួមជាមួយសម្ពន្ធមិត្ត និង ដៃគូ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ