វ៉ាស៊ីនតោន៖ សេតវិមានបានបញ្ជាក់ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអនុម័តផែនការដាក់ពង្រាយទាហានអាមេរិកឡើងវិញទៅកាន់ប្រទេសសូម៉ាលី ដើម្បីទប់ទល់នឹងក្រុមជ្រុលនិយម al-Shabab ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបាននិយាយក្នុងកំលុងផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានថា ទាហានអាមេរិប្រមាណ៥០០នាក់នឹងត្រូវដាក់ពង្រាយទៅកាន់ទឹកដីសូម៉ាលី ដើម្បីបង្កើតជាវត្តមានយោធាអាមេរិកតូចមួយដែលជាប់លាប់នៅក្នុងប្រទេសនេះ។
ចំណាត់ការរបស់រដ្ឋបាលលោក បៃដិន បានផ្លាស់ប្តូរបទបញ្ជារបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានធ្វើឡើងនៅថ្ងៃបិទបញ្ចប់នៃរដ្ឋបាលរបស់លោក ក្នុងការដកបុគ្គលិកយោធាអាមេរិកប្រមាណ៧៥០នាក់ចេញពីប្រទេសសូម៉ាលី។
គួរបញ្ជាក់ថា កងទ័ពអាមេរិកបាននិងកំពុងបំពេញភារកិច្ចរបស់ខ្លួននៅក្នុងប្រទេសដែលហែកហួរដោយសារសង្រ្គាម ដោយផ្អែកលើមូលដ្ឋានឆ្លាស់ទ័ព (rotational) ចាប់តាំងពីលោក ចូ បៃដិន ឡើងកាន់តំណែង ខណៈដែលរដ្ឋបាលរបស់លោក ឥឡូវនេះ ចាត់ទុកថា មិនគ្រប់គ្រាន់ ក្នុងការដោះស្រាយការគំរាមកំហែងភេរវករ ដែលបង្កឡើងចំពោះជនជាតិអាមេរិកនៅក្នុងតំបន់៕RT