សហរដ្ឋអាមេរិកបដិសេធសំណើរបស់ថៃ ជុំវិញការបញ្ជាទិញយន្តហោះ F-35
បរទេស៖ រដ្ឋាភិបាលថៃបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានច្រានចោលសំណើរបស់កងទ័ពអាកាសថៃ ក្នុងការបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35A ភ្លាមៗ ដោយលើកឡើងពីរយៈពេលរង់ចាំដ៏យូរ និងតម្រូវការនៃការវិនិយោគដ៏ច្រើននៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលជាដើម។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ឧសភា ឆ្នាំ២០២៣។
អ្នកនាំពាក្យកងទ័ពអាកាសថៃ លោក Prapas Sornchaidee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយផ្អែកលើការបញ្ជាទិញបច្ចុប្បន្ន និងផែនការផលិតកម្មសម្រាប់យន្តហោះ F-35 ដែលផលិតដោយក្រុមហ៊ុន Lockheed Martin Corp វានឹងត្រូវចំណាយពេលយ៉ាងហោចណាស់ ១០ឆ្នាំ ដើម្បីបញ្ជូនយន្តហោះបំបាំងកាយដ៏ទំនើបនេះទៅឱ្យអ្នកទិញថ្មី។
កងទ័ពអាកាសរបស់ប្រទេសថៃបានស្វែងរកការទិញយន្តហោះ F-35A ដើម្បីធ្វើទំនើបកម្មកងយន្តហោះចម្បាំងដែលមានវ័យចំណាស់របស់ខ្លួន ហើយកាលពីដំបូងបានត្រៀមថវិកាប្រហែល 369 លានបាតនៅក្នុងថវិកាក្នុងឆ្នាំនេះ។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គ្រោងនឹងទិញយន្តហោះដំបូងចំនួនពីរគ្រឿង ខណៈដែលគ្រោងនឹងទិញយន្តហោះបំបាំងកាយសរុបចំនួន 12 គ្រឿងនៅឆ្នាំ 2032។
យ៉ាងណាមិញ សហរដ្ឋអាមេរិកបានស្នើឱ្យប្រទេសថៃពិចារណាទិញយន្តហោះចម្បាំង F-15 និង F-16 ដើម្បីបំពេញតាមតម្រូវការរបស់កងទ័ពអាកាស៕