ការនាំចេញប្រេងរបស់រុស្ស៊ីកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំនេះ ចាប់តាំងពីមានជម្លោះជាមួយអ៊ុយក្រែនដែលបានផ្ទុះឡើង
បរទេស៖ ទីភ្នាក់ងារថាមពលអន្តរជាតិ International Energy Agency (IEA) បាននិយាយថា ការនាំចេញប្រេងរបស់រុស្ស៊ីក្នុងខែមេសា ឆ្នាំ ២០២៣ នេះបានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីមានជម្លោះជាមួយអ៊ុយក្រែនដែលបានផ្ទុះឡើងនៅចុងខែកុម្ភៈ ឆ្នាំ ២០២២ ជាមួយនឹងប្រាក់ចំណូលកើនឡើង ១.៧ ពាន់លានដុល្លារ បើទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចជាបន្តបន្ទាប់ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៣។
យោងតាមការប៉ាន់ស្មានរបស់ IEA បានឱ្យដឹងថា ប្រាក់ចំណូលនៃការនាំចេញប្រេងរបស់ប្រទេសរុស្ស៊ីបានកើនឡើងពី ១.៧ ពាន់លានដុល្លារដល់ ១៥ ពាន់លានដុល្លារក្នុងខែមេសា។ ទោះជាយ៉ាងណាក៏ដោយ នេះគឺទាបជាង ២៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ប្រាក់ចំណូលពន្ធរបស់រុស្ស៊ីពីវិស័យប្រេង និងឧស្ម័នក៏បានថយចុះ ៦៤% ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។
ក្រុមប្រទេសឧស្សាហកម្មឈានមុខគេចំនួនប្រាំពីរ (G៧) អូស្ត្រាលី និងសហភាពអឺរ៉ុប (EU) បានដាក់ពិដានតម្លៃលើផលិតផលប្រេង និងប្រេងឆៅរបស់រុស្ស៊ី ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីកាត់បន្ថយការផ្តល់មូលនិធិពីប្រទេសរុស្ស៊ីសម្រាប់ជម្លោះនៅអ៊ុយក្រែន។ សហភាពអឺរ៉ុបក៏បានដាក់ទណ្ឌកម្មដាច់ដោយឡែកពីគ្នាលើការនាំចេញប្រេងសំខាន់ៗជាច្រើនរបស់រុស្ស៊ីផងដែរ៕